អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF ដាំកូនឈើចម្រុះ ៣ ០០០ដើម នៅដែនជម្រកសត្វព្រៃស្រែពក

ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញការអភិរក្ស ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF-កម្ពុជា ក្រោមការសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្ត បានរួមគ្នាប្រារព្ធពិធីដាំកូនឈើចម្រុះចំនួន ៣,០០០ដើម លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ងិន សុវិមាន មានប្រសាសន៍ថា ការអភិរក្សធនធានធម្មជាតិ មិនមែនជាការដាក់កំហិត ឬបង្អាក់ដល់ការអភិវឌ្ឍនោះឡើយ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចរយៈពេលវែង និងការលូតលាស់នៃសេដ្ឋកិច្ចបៃតង។ លោកបានបន្តថា គម្រោងស្តារព្រៃឈើនៅតំបន់ខ្ពង់រាបភាគខាងកើតនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា ការបង្កើនគម្របព្រៃឈើ និងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។ ការកែលម្អជីវភាពរស់នៅ និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗជូនសហគមន៍ ការពង្រឹងធនធានទឹក ដែលជាប្រភពជីវិតសម្រាប់កសិកម្ម និងការរស់នៅ។

លោក អភិបាលរងខេត្ត បន្តថា ការអភិរក្ស និងការអភិវឌ្ឍត្រូវតែដើរទន្ទឹមគ្នា និងគាំទ្រគ្នាទៅវិញទៅមក ការអភិរក្សបានល្អ នឹងធានាបាននូវនិរន្តរភាពប្រភពធនធានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ទេសចរណ៍ និងជីវភាពសហគមន៍។ រីឯការអភិវឌ្ឍដែលមានការគ្រប់គ្រងត្រឹមត្រូវ និងមានមេត្រីភាពបរិស្ថាន នឹងជួយបន្ថែមតម្លៃដល់ធនធានធម្មជាតិទាំងនោះវិញ»។

លោក ក៏បានលើកឡើងពីសក្តានុពលដ៏ខ្ពស់របស់តំបន់ «ស្រែពក» ដែលសំបូរទៅដោយជីវៈចម្រុះ ដោយរដ្ឋបាលខេត្តនឹងបន្តជំរុញការអភិវឌ្ឍតំបន់នេះឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិឈានមុខ កន្លែងសិក្សាស្រាវជ្រាវ និងជាប្រភពចំណូលដ៏រឹងមាំរបស់សហគមន៍ តាមរយៈការវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្របតាមច្បាប់ និងគោលនយោបាយជាតិ ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ជលផលជាដើម។

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅក្នុងយុទ្ធនាការដាំដើមឈើឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពកនាពេលនេះ គឺជាគ្រឹះស្ថាននៃភាពរុងរឿងរបស់ប្រទេសជាតិ ប៉ុន្តែធនធានទាំងនេះមិនអាចការពារខ្លួនឯងបានឡើយ បើគ្មានការចូលរួមថែរក្សាពីមនុស្សជាតិ។

លោក ហាស់ វិបុល ក៏បានអំពាវនាវដល់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តខិតខំសិក្សា រៀនសូត្រ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន ព្រមទាំងបានប្រកាសជូនដំណឹងដល់សាធារណជនថា ចាប់ពីថ្ងៃទី១៤ កក្កដានេះតទៅ បងប្អូនប្រជាពលរដ្ឋអាចអញ្ជើញទៅកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីទទួលយកកូនឈើទៅដាំដុះដោយឥតគិតថ្លៃផងដែរ។

យុទ្ធនាការដាំកូនឈើចំនួន ៣,០០០ដើមនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីសង្ឃឹមក្នុងការរួមគ្នាថែរក្សា និងស្តារគម្របព្រៃឈើខេត្តមណ្ឌលគិរី ឱ្យកាន់តែមានភាពស្រស់បំព្រង និងមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕