អគ្គិសនីកម្ពុជា រួមនឹងក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដោយថវិកាគ្រោងចំណាយប្រមាណ ៥លានដុល្លារអាម៉េរិក ដែលជាអំណោយរបស់អគ្គិសនីកម្ពុជា ខណៈដែលគម្រោងនេះគ្រោងនឹងដំឡើងតាមបណ្តាញផ្លូវថ្នល់សរុបប្រមាណ ១,០០០គីឡូម៉ែត្រ ក្នុងរាជធានី-ខេត្តចំនួន ១៣ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប។

 

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា កិច្ចសហប្រតិបត្តិការក្នុងការដំឡើង ភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ នៅអគ្គិសនីកម្ពុជា។

 

ឯកឧត្តម ប្រាំង ជលសា បន្តថា បច្ចុប្បន្នសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា មានប្រភពប្រមាណ ៦,៣០០ មេហ្គាវ៉ាត់ ខណៈដែលប្រភពថាមពលកកើតឡើងវិញមានប្រមាណ ៤,០០០ មេហ្គាវ៉ាត់ ស្មើនឹងប្រហែល ៦៣% នៃថាមពលសរុប ក្នុងនោះរួមមាន៖ ថាមពលវារីអគ្គិសនី ៣៣% ថាមពលពន្លឺព្រះអាទិត្យ  ៣០% ដោយកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលឈរក្នុងលំដាប់ខ្ពស់ក្នុងពិភពលោក លើការផ្គត់ផ្គង់ថាមពលស្អាត (ពណ៌បៃតង)។

 

ឯកឧត្តម ប្រាំង ជលសា គូសបញ្ជាក់ថា បច្ចេកទេសដំឡើងគឺត្រូវប្រើប្រាស់ផ្ទាំងសូឡា និងអំពូល LED ជំនាន់ថ្មី ដោយដំឡើងនៅលើរបាំងពុះចែកទ្រូងផ្លូវ ឬអមសងខាងផ្លូវ ដែលមានគម្លាតពីបង្គោលមួយទៅមួយប្រហែល ៥០ម៉ែត្រ។ ដូច្នេះផែនការបែងចែកតាមកំណាត់ផ្លូវជាតិសំខាន់ៗ គម្រោងនេះនឹងត្រូវអនុវត្តលើកំណាត់ផ្លូវសំខាន់ៗដែលមិនទាន់មានប្រព័ន្ធភ្លើងបំភ្លឺ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៥ ចន្លោះពីព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ និងពីព្រំប្រទល់ខេត្តពោធិ៍សាត់-បាត់ដំបង ដល់ខេត្តបន្ទាយមានជ័យ ដោយត្រូវដំឡើងប្រព័ន្ធអំពូល ភ្លើងបំភ្លឺនៅលើមេឌីដ្យានទ្រូងផ្លូវ។

 

ឯកឧត្តម ប្រាំង ជលសា សង្កត់ធ្ងន់ថា កំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សៀមរាប និងបន្ទាយមានជ័យ ចាប់ពីស្រុក ជើងព្រៃ (ស្គន់) ដល់ព្រំប្រទល់ ខេត្តកំពង់ធំ និងចាប់ពីស្រុកជីក្រែង ដល់ក្រុងសេរីសោភ័ណ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ។ លើសពីនេះ គម្រោងនេះនឹងផ្តល់ជូនបណ្តាខេត្តនៅជុំវិញបឹងទន្លេសាប លើកលែងតែខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ដែលបានដាក់ដំឡើងរួចហើយ។

 

ឯកឧត្តម ប្រាំង ជលសា លើកឡើងថា គម្រោងនេះនឹងដំឡើងនៅកំណាត់ផ្លូវជាតិលេខ៧ ពីស្រុកជើងព្រៃ(ស្គន់) ដល់ទីក្រុងកំពង់ចាមក្នុងខេត្តកំពង់ចាម ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅលើទ្រូងផ្លូវ, ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅក្នុងខេត្តកណ្តាល ដល់ព្រំដែនប្រទេសវៀតណាម ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ, ផ្លូវក្រវាត់ក្រុងទី២ និងផ្លូវក្រវាត់ក្រុងទី៣ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាង និងលើទ្រូងផ្លូវ, ផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និងខេត្តកែប។

 

ឯកឧត្តម ប្រាំង ជលសា បន្ថែមថា អត្ថប្រយោជន៍នៃគម្រោងដំឡើងនេះ វានឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលយប់ បង្កើនសុវត្ថិភាពសង្គម លើកកម្ពស់សេដ្ឋកិច្ចយប់ និងទេសចរណ៍ ព្រមទាំងមិនមានបន្ទុកចំណាយលើថ្លៃអគ្គិសនីប្រចាំខែ និងងាយស្រួលដំឡើងជាងប្រព័ន្ធភ្លើងដើរដោយខ្សែខ្សែកាបពីមុន។ ម្យ៉ាងវិញទៀត ក្រោយបញ្ចប់ការសាងសង់ អគ្គិសនីកម្ពុជានឹងប្រគល់ជូនរដ្ឋបាលរាជធានី-ខេត្ត និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង និងថែទាំបន្ត។ បន្ទាប់ពីបញ្ចប់ការសាងសង់រួច ក្រសួងរ៉ែនិងថាមពល និងអគ្គិសនីកម្ពុជា នឹងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាលរាជធានី-ខេត្ត បន្តគ្រប់គ្រង និងដំណើរការថែទាំដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធនេះនៅបន្តបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋជានិរន្តរ៍។

 

ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ មានជំនឿចិត្តយ៉ាងមុតមាំថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រួមគ្នានាថ្ងៃនេះ នឹងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋនូវសុខសុវត្ថិភាព លើកស្ទួយសោភ័ណភាព និងសុខុមាលភាពក្នុងការរស់នៅ ជាពិសេស កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗ ក៏ដូចជាជួយជំរុញបង្កើនសកម្មភាពសេដ្ឋកិច្ចពេលយប់ តាមរយៈទេសចរណ៍ជាដើម។