សហរដ្ឋអាមេរិកវាយប្រហារតបតនឹងអ៊ីរ៉ង់វិញ បន្ទាប់ពីក្រុងតេអេរ៉ង់សងសឹកប្រឆាំងនឹងកប៉ាល់ដឹកប្រេងអារ៉ាប់នៅច្រកសមុទ្រ Hormuz ដែលជាហេតុធ្វើឱ្យតម្លៃប្រេងឆៅឡើងថ្លៃ

សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ និងនៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុង “ដាក់ចេញឡើងវិញ” នូវការបិទផ្លូវលើអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz។ លោក Trump បានស្នើដោយឡែកពីគ្នាថា សហរដ្ឋអាមេរិកនឹងចាត់វិធានការលើកប៉ាល់ផ្សេងទៀតដែលឆ្លងកាត់ដោយសុវត្ថិភាព និងដែលបំផ្លាញគោលនយោបាយរាប់រយឆ្នាំរបស់អាមេរិកដែលគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍នៅទូទាំងពិភពលោក។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដែលផ្តោតលើប្រទេសបារ៉ែន និងកប៉ាល់ដឹកប្រេង២គ្រឿងដែលជាប់ទាក់ទងនឹងប្រទេសអារ៉ាប់រួមដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ ដោយបានសម្លាប់នាវិកម្នាក់ និងរបួស៨នាក់ផ្សេងទៀត។ អេមីរ៉ាតអារ៉ាប់រួមបានគំរាមសងសឹកអ៊ីរ៉ង់ ដែលអាចទាញប្រទេសនេះត្រឡប់ទៅប្រភពដើមវិញគឺទីក្រុងអាប៊ូដាប៊ី និងឌូបៃឱ្យចូលប្រយុទ្ធជាមួយទីក្រុងតេអេរ៉ង់ដែរ។ ការវាយប្រហារទាំងនេះកើតឡើងនៅពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកជាគូប្រជែងទាំង២ទាមទារគ្រប់គ្រងច្រកសមុទ្រ ដែលជាច្រកដឹកជញ្ជូនធនធានប្រេងឆៅ និងឧស្ម័នធម្មជាតិ១ភាគ៥របស់ពិភពលោកនិងធ្លាប់ឆ្លងកាត់ក្នុងសម័យសន្តិភាពយូរមកហើយ។ តម្លៃប្រេងឆៅ Brent បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយខែគឺជាង ៨៤ដុល្លារអាម៉េរិកក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែវានៅតែទាបជាងតម្លៃជិត ១២០ ដុល្លារអាម៉េរិកដែលជាកម្រិតឈានដល់កំពូលនៃសង្គ្រាមពួកគេពីមុន ប៉ុន្តែគំរាមកំហែងថ្មីៗនេះក៏អាចធ្វើឱ្យថ្លៃដើមឡើងថ្លៃនៅគ្រប់ទីកន្លែងបានដែរ។ ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានវាយប្រហារតំបន់ជុំវិញ Abu Musa, Bandar Abbas, Bushehr, Chahbahar, Jask និង Konarak ដោយកំណត់គោលដៅលើ «ប្រព័ន្ធការពារឆ្នេរសមុទ្រ ទីតាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក និងសមត្ថភាពដែនសមុទ្ររបស់អ៊ីរ៉ង់»។ អ៊ីរ៉ង់បានទទួលស្គាល់ការវាយប្រហារនៅជុំវិញតំបន់ទាំងនោះ ប៉ុន្តែមិនបានផ្តល់ការវាយតម្លៃអំពីមនុស្សស្លាប់ និងរបួស ឬការខូចខាតភ្លាមៗនោះទេ។ ចំណែកយោធាសហរដ្ឋអាមេរិកវិញបាននិយាយថា៖ ការវាយប្រហារទាំងនេះនឹងបន្តដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើកងកម្លាំងអ៊ីរ៉ង់ និងធ្វើឱ្យសមត្ថភាពរបស់ពួកគេចុះខ្សោយក្នុងការវាយប្រហារលើជនស៊ីវិលស្លូតត្រង់ និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuzផងដែរ។

សម្រួលអត្ថបទ៖ សុផារិន្ទ