រដ្ឋាភិបាល​ជប៉ុនបន្ត​ផ្ដល់​កម្ចីសម្បទាន ជិត១២០លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ

ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុនបន្ត​ផ្ដល់​កម្ចីសម្បទានចំនួនប្រមាណ ១១៩លានដុល្លារបន្ថែមទៀតដល់កម្ពុជា ដើម្បីប្រើប្រាស់លើគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ។ ពិធីចុះហត្ថលេខាផ្លូវការនេះធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦លានយ៉េន ស្មើប្រមាណ១១៩លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនេះជាកញ្ចប់ឥណទានទី២។

ក្រសួងការបរទេស បញ្ជាក់ថា គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា។

ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ ក្រសួងការបរទេស ថា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕