ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាធិបតី ពិធីបុណ្យផ្កាយឆ្នាំ២០២៦ (Tanabata Festival 2026)

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកពិធីបុណ្យផ្កាយឆ្នាំ២០២៦ (Tanabata Festival 2026) ដែលជាកម្មវិធីវប្បធម៌ដ៏សំខាន់មួយរបស់ប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងមូលនិធិជប៉ុនប្រចាំភ្នំពេញ ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីបុណ្យប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះឡើង ដើម្បីដើរតួជាវេទិកាដ៏មានតម្លៃក្នុងការជំរុញការផ្លាស់ប្ដូរវប្បធម៌ ការអប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ជាពិសេសការបើកឱកាសឱ្យយុវជននៃប្រទេសទាំងពីរបានស្វែងយល់ពីប្រពៃណី និងកសាងចំណងមិត្តភាពឆ្លងដែនប្រកបដោយសាមគ្គីភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កម្ពុជា និងជប៉ុនមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ដែលត្រូវបានពង្រឹងកាន់តែរឹងមាំតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការផ្លាស់ប្ដូរយុវជន និងកីឡា ដែលជាកាតាលីករដ៏មានតម្លៃក្នុងការបណ្ដុះបណ្ដាលយុវជនកម្ពុជាឱ្យមានសមត្ថភាព គុណធម៌ និងទស្សនវិស័យទូលំទូលាយ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃពិភពលោក។

សូមជម្រាបថា ពិធីបុណ្យផ្កាយ «តាណាបាតា» ប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ទី១០ ដល់ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ នៅក្នុងកម្មវិធីនេះមានសកម្មភាពដ៏សម្បូរបែបទាក់ទងនឹងសិល្បៈ វប្បធម៌ ប្រពៃណី និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងជប៉ុន ជាពិសេសក៏មានការដាក់បង្ហាញស្តង់ផលិតផល សេវាកម្មរបស់ក្រុមហ៊ុនដៃគូសហការ និងស្តង់លក់ចំណីអាហារជាច្រើនផងដែរ៕