មន្ទីរកិច្ចការនារីខេត្តព្រះសីហនុប្រជុំបូកសរុបលទ្ធផលការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រីមាសទី២ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនិងយេនឌ័រនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត
ដើម្បីដាក់ចេញនូវទិសដៅការងារសម្រាប់ត្រីមាសបន្ត របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្ត (GBV)។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី លោកស្រីឧត្តមសេនីយត្រី ប៉ែន កញ្ញា ស្នងការរងនគរបាលខេត្ត លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីអភិបាលរងក្រុង-ស្រុក ព្រមទាំងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។
អង្គប្រជុំបានធ្វើការពិភាក្សា និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលក្រុមការងារសម្រេចបានក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ជាពិសេសលើការងារ
លើការផ្តល់សេវាគាំពារផ្នែកច្បាប់ និងផ្នែកសុខាភិបាលដល់ជនរងគ្រោះដោយអំពើហិង្សា។
ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ (នគរបាល យុត្តិធម៌ សុខាភិបាល និងកិច្ចការនារី) ក្នុងការឆ្លើយតបបានទាន់ពេលវេលា។
ការផ្សព្វផ្សាយ និងអប់រំទប់ស្កាត់អំពើហិង្សានៅតាមសហគមន៍ និងមូលដ្ឋានដាច់ស្រយាល។
ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារក៏បានលើកឡើងនូវចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះក្នុងប្រតិបត្តិការកន្លងមក ដើម្បីរួមគ្នាដោះស្រាយ និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងអន្តរវិស័យ។
លោកជំទាវប្រធានកិច្ចប្រជុំ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនូវចំណុចគន្លឹះ សម្រាប់អនុវត្តបន្ត រួមមាន
* ជម្រុញក្រុមការងារ GBVបន្តចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយ ឃុំ សង្កាត់ ជំរុញការផ្សព្វផ្សាយ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទៅដល់ស្រទាប់យុវវ័យសិស្សានុសិស្សនិងប្រជាពលរដ្ឋនៅតាមសហគមន៍ តាមដានករណីហិង្សាឱ្យបានជាប់លាប់ ដើម្បីធានាថាជនរងគ្រោះទទួលបានយុត្តិធម៌ និងការស្តារនីតិសម្បទាពេញលេញ។
* បន្តយុទ្ធនាការអប់រំអំពីសមភាពយេនឌ័រ និងច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដល់ស្រទាប់យុវវ័យ និងកម្មករ កម្មការិនី។
* បង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរព័ត៌មានរវាងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយលោកជំទាវ ប្រាក់ ចន្ទ័សុខា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ ព្រមទាំងចូលរួមចំណែកកាត់បន្ថយអំពើហិង្សាក្នុងសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕







