លោកស្រីអភិបាលរងខេត្តព្រះសីហនុ ណែនាំឱ្យលេខាធិការដ្ឋាន និងក្រុមការងារទាំង៦ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ (គ.ខ.ប.ជ ) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់លេខាធិការដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានភាពខ្ពស់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងតំណាងមកពីក្រុមការងារជំនាញទាំង ៦ ។
ផ្អែកលើរបាយការណ៍វាយតម្លៃលទ្ធផលការងារ នាឱកាសនោះ លោកស្រី ម៉ាក សំណាង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាន ក៏ដូចជាក្រុមការងារជំនាញទាំង ៦ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចការពារ សង្គ្រោះ និងបង្ក្រាបបទល្មើសនាពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែខ្លាំងក្លាថែមទៀត លោកស្រីអភិបាលរងខេត្ត បានដាក់ចេញនូវការណែនាំសំខាន់ៗ ដូចខាងក្រោម
ក្រុមការងារទាំងអស់ត្រូវបន្តកិច្ចសហការគ្នាឱ្យបានជិតស្និទ្ធ និងស៊ីសង្វាក់គ្នាខ្ពស់ ដោយជៀសវាងការធ្វើការងារដាច់ដោយឡែកពីគ្នា។
សមាជិកម្នាក់ៗត្រូវខិតខំបំពេញភារកិច្ចទៅតាមជំនាញ និងដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងតម្លាភាព។
ត្រូវរួមគ្នាលុបបំបាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ដើម្បីធានាបាននូវសុវត្ថិភាព ភាពសុខសាន្ត ព្រមទាំងលើកកម្ពស់ទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្ត និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសយោគយល់ និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់សមាសភាពពាក់ព័ន្ធ ក្នុងការរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទ៖ វណ្ណថៃ





