ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានជួបពិភាក្សាជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) និងក្រុមការងារអនុវត្តកម្មវិធី CCFF (CCFF Working Group) ក្នុងគោលបំណងរួមមាន៖ (១) ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF, (២) ការពិនិត្យលើភាពគ្រប់គ្រាន់នៃលក្ខណៈសម្បត្តិរបស់អតិថិជនសក្តានុពលក្រោមក្របខ័ណ្ឌកម្មវិធី, និង (៣)ទិសដៅជាបន្តបន្ទាប់។
ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមការងារអនុវត្តកម្មវិធី CCFF ក្នុងការពង្រឹងលើយន្តការនៃការវាយតម្លៃឥណទានបៃតង, ការឆ្លើយតបនឹងលក្ខខណ្ឌវិនិច្ឆ័យសំខាន់ៗ, និងផលជះនៃការអនុវត្តគម្រោងនីមួយៗ ជាពិសេសការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាគោលដៅសំខាន់ក្នុងការរួមចំណែកដល់ ការអនុវត្តហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។







