ទីក្រុង Caracas ប្រកាសផែនការថវិការ៣៧ប៊ីលានដុល្លារអាម៉េរិក ដើម្បីសាងសង់ផ្ទះថ្មីជូនពលរដ្ឋវេណេហ្ស៊ូអេឡាដែលរងគ្រោះរញ្ជួយដីឱ្យរឹងមាំជាងមុន និងឱ្យបានឆាប់រហ័ស
លោកស្រី Delcy Rodriguez អនុប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ូអេឡាបានសន្យាកាលពីថ្ងៃពុធនេះថានឹងសាងសង់ផ្ទះដែលធន់នឹងគ្រោះរញ្ជួយដីឡើងវិញជូនប្រជាពលរដ្ឋរបស់ខ្លួនឱ្យបានឆាប់រហ័ស បន្ទាប់ពីប្រទេសនេះរងនូវការបំផ្លិចបំផ្លាញយ៉ាងសាហាវពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរផ្ទួនៗគ្នា បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងកំពុងរង់ចាំការកសាងជីវិតរបស់ពួកគេឡើងវិញដែរ។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា គ្រោះរញ្ជួយដីលើកនេះបានបន្សល់ទុកនូវមនុស្សប្រហែល ១៨.០០០នាក់ឱ្យឱឯកោគ្មានផ្ទះសម្បែងជ្រកកោន។ អ្នកដែលត្រូវបានផ្លាស់ទីលំនៅបច្ចុប្បន្ននេះកំពុងរស់នៅតាមសាលារៀន តាមចិញ្ចើមផ្លូវ ក្នុងឧទ្យាន ទីលានសាធារណៈ តាមដែលពួកគេអាចធ្វើបាន។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុនឯកជនក្នុងស្រុក និងអន្តរជាតិក៏ត្រូវបានអំពាវនាវសម្រាប់ស្នើសុំជំនួយសាងសង់លំនៅដ្ឋានថ្មី ទប់ទល់នឹងគ្រោះរញ្ជួយដីឲ្យបានយ៉ាងឆាប់រហ័ស និងរឹងមាំផងដែរ។ ចំណែកការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយបានប៉ាន់ប្រមាណថា ទំហំខូចខាតជារូបវន្តដោយផ្ទាល់ចំពោះលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអាចត្រូវចំណាយថវិការប្រហែលជា ៣៧ប៊ីលានដុល្លារអាម៉េរិក។ ទន្ទឹមគ្នានេះដែរប្រធានផ្នែកសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានជួបជាមួយលោកស្រី Rodríguez និងអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីកាលពីថ្ងៃពុធជាពេលមួយដែលខាងការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការនេះ បានចេញសេចក្តីអំពាវនាវសុំជំនួយប្រហែល ៣០០ លានដុល្លារដើម្បីជួយដល់ប្រជាជនវេណេហ្ស៊ូអេឡាចំនួន ១,៣លាននាក់ជាមុនសិន ដែលពួកគេកំពុងត្រូវការជំនួយចាំបាច់ជាបន្ទាន់នៅក្នុងពេលដ៏លំបាកនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





