អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» ជូនដល់មន្ត្រីបច្ចេកទេស និងព័ត៌មាន
ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពនៃការផលិតរូបភាពព័ត៌មានឱ្យកាន់តែមានស្តង់ដារ និងវិជ្ជាជីវៈខ្ពស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» ជូនដល់មន្ត្រីរាជការក្រោមឱវាទ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការមកពីនាយកដ្ឋានព័ត៌មាន ព្រមទាំងមន្ត្រីមកពីបណ្តានាយកដ្ឋាននានាចំណុះឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបានការចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការថត និងការគ្រប់គ្រងប្រើប្រាស់កាមេរ៉ាវីដេអូ ពីសំណាក់គ្រូបង្គោល លោក ឱ គឹមសួរ ដែលជាអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ។
ការបណ្តុះបណ្តាលនេះ ត្រូវបានរំពឹងថានឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់មន្ត្រីព័ត៌មាន និងមន្ត្រីបច្ចេកទេសយកទៅអនុវត្តផ្ទាល់ក្នុងការងារប្រចាំថ្ងៃ ដើម្បីផលិតបាននូវរូបភាពវីដេអូដែលមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការនៃការផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្នឱ្យកាន់តែសម្បូរបែប និងទាក់ទាញ៕







