៦ខែក្នុង ឆ្នាំ២០២៦ ខេត្តកំពត ប្រមូលទិន្នផលនេសាទបានជាង១ម៉ឺនតោន

ខេត្តកំពត ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តកំពតប្រមូលផលនេសាទទឹកសាប និងសមុទ្រសរុបបាន ១០,៣៨៥តោន ខណៈផលវារីវប្បកម្មសរុបសម្រេចបាន ២,៤៣២តោន។ នេះបើយោងតាមការ បញ្ជាក់ពីលោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត។ ចំពោះទិន្នផលនេសាទឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយប្រសិទ្ធភាព ស្របតាមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ស សូរិន ប្រាប់ឱ្យដឹងថា ក្រោមការអនុវត្តតាមគោលនយោបាយរបស់ក្រសួង និងការចង្អុលបង្ហាញរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ខណ្ឌរដ្ឋបាលជលផលបានបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល តាមរយៈការទប់ស្កាត់បទល្មើសនេសាទ ការពារតំបន់អភិរក្សសមុទ្រ និងលើកកម្ពស់ការចិញ្ចឹមវារីវប្បកម្ម ដើម្បីធានានិរន្តរភាពធនធាន និងលើកកម្ពស់ជីវភាពរបស់ប្រជានេសាទ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ផលនេសាទសរុបមានចំនួន ១០,៣៨៥តោន ក្នុងនោះ ផលនេសាទទឹកសាបមាន ២,០៨០តោន និងផលនេសាទសមុទ្រមាន ៨,៣០៥តោន ដែលតំបន់ត្រពាំងរពៅប្រមូលបានប្រមាណ ៣,៥០០តោន។ ចំណែកផលវារីវប្បកម្មសរុបមាន ២,៤៣២តោន ក្នុងនោះ វារីវប្បកម្មសមុទ្រមាន ៨៤២តោន និងវារីវប្បកម្មទឹកសាបមាន ១,៥៩០តោន។

ដោយឡែក ការកែច្នៃផលិតផលជលផលសម្រេចបាន ៩៣២តោន ខណៈផលនេសាទដែលនាំចេញទៅក្រៅខេត្តមាន ៣៤៣តោន ក្នុងនោះផលិតផលកែច្នៃមាន ៩០តោន និងផលនេសាទស្រស់មាន ២៥៣តោន ដែលបានរួមចំណែកបង្កើនតម្លៃបន្ថែមដល់ផលិតផលជលផល និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ នាយខណ្ឌបានឱ្យដឹងទៀតថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ និងមានគ្រួសារប្រកបរបរនេសាទប្រមាណ ៤,២០០គ្រួសារ៕