រដ្ឋមន្រ្តីសុខាភិបាល៖ «រំលឹកមូលដ្ឋានសុខាភិបាល និងសហគមន៍ យកចិត្តទុកដាក់តាមដាន និងឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងនូវជំងឺគ្រុនឈាមនៅរដូវវស្សានេះ»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុង ឱកាសឯកឧត្តមអញ្ជើញ
ដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២២ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣១០០នាក់ វគ្គភាពអ្នកដឹកនាំនេះ បានប្រារព្ធកាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ មុននេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកពីការប្រែប្រួលអាកាសធាតុ ដោយសារបាតុភូត (El Niño) ដែលមានការកើនឡើងកំដៅ ដែលការប្រែប្រួលនេះ នឹងផ្តល់ជាឱកាសល្អដល់ការកកើតមូស ជាពិសេសមូលខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ទន្ទឹមនឹងនេះ មូលដ្ឋានសុខាភិបាល ត្រូវយកចិត្តទុកដាក់ ក្នុងការអប់រំសុខភាព ត្រៀមខ្លួនក្នុងការបម្រើសេវាការពារ និងព្យាបាលឱ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា។ បន្ថែមពីនេះ មូលដ្ឋានសុខាភិបាលត្រូវចូលរួមពីសហគមន៍ និងអជ្ញាធរមូលដ្ឋានឱ្យចូលរួមក្នុងការបំបាត់ជម្រកមូសក្នុងសហគមន៍ និងបញ្ជូនអ្នកជំងឺសង្ស័យថាមានជំងឺគ្រុនឈាម ទៅកាន់មូលដ្ឋានសុខាភិបាលសាធារណៈ នៅជិតបំផុតឱ្យបានទាន់ពេលវេលា។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងបទពិសោធន៍ នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល មកធ្វើការរំលឹកឡើងវិញ តាមរយៈការបង្ហាញពីទស្សនាទាននៃភាពជាអ្នកដឹកនាំ និងការរំពឹងទុកពីអ្នកដឹកនាំ។
ជាបន្ត ក្រុមការងារកម្មវិធីជាតិសុខភាពភ្នែកបានបង្ហាញពីសមិទ្ធផលការងាររបស់ខ្លួន និងគោលដៅទៅមុខ ក្នុងការពង្រើកសេវាថែទាំសុខភាពភ្នែកឱ្យបានទៅដល់មណ្ឌលសុខភាព។
មណ្ឌលសុខភាពព្រៃព្នៅ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែងក៏បានចែករំលែកបទពិសោធន៍ដឹកនាំមណ្ឌលសុខភាពរហូតទទួលបានការទទួលស្គាល់ជាមណ្ឌលសុខភាពគំរូថ្នាក់ជាតិ ដោយបង្ហាញពីកត្តា ដែលនាំឱ្យទទួលបានជោគជ័យមួយចំនួនដូចជា៖ ការតាំងចិត្តខ្ពស់ក្នុងការធ្វើការកែលម្អមណ្ឌលសុខភាពឲ្យមានភាពប្រសើរឡើងជាលំដាប់ ការចូលរួមរបស់សហគមន៍ និងអជ្ញាធរមូលដ្ឋាន ការគាំទ្រពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល និងភាគីពាក់ពន្ធ័ ព្រមទាំងការផ្តល់តម្លៃដល់អ្នកស្មគ្រ័ចិត្តទ្រទ្រង់សុខភាពភូមិ។







