ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល
កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានប្រារព្វធ្វើនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាបន្ទប់អភិបាលកិច្ច ជាន់ផ្ទាល់ដី នៃសាលាភូមិន្ទរដ្ឋបាល។
នៅក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនដោយសង្ខេបអំពីការងារសំខាន់ៗពាក់ព័ន្ធនានា និងអំពីវឌ្ឍនភាពការងាររបស់សាលាភូមិន្ទរដ្ឋបាល ។ ឯកឧត្តម បានបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំនាថ្ងៃនេះ រួមមាន៖
១.សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាលាភូមិន្ទរដ្ឋបាល
២.សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល
៣.សំណើជ្រើសរើសសិស្សសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៤ និងសិស្សមន្ត្រីក្រមការជំនាន់ទី១៣
៤.សំណើជ្រើសរើសកម្មសិក្សាការីនៃវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៧
៥.ការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦
និង៦.ផ្សេងៗ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដែលបានរៀបចំ ឡើងនាថ្ងៃនេះ គឺជាកិច្ចការងារ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ផ្លាស់ប្តូរមតិយោបល់ ព្រមទាំងការគិតគូរ និងដាក់ចេញទិសដៅនៃការអភិវឌ្ឍក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រី ឱ្យស្របទៅតាមបរិបទនៃការវិវត្តថ្មីៗ។
នៅក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំឭកផងដែរថា សាលាភូមិន្ទរដ្ឋបាល មានតួនាទីបណ្តុះបណ្តាលសិស្សមន្ត្រី និងមន្ត្រីដែលត្រូវបានជ្រើសរើសថ្មី ព្រមទាំងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម និងមន្ត្រីជាន់ខ្ពស់ ដើម្បីបន្តពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ទាំងចំណេះដឹង បំណិន ឥរិយាបទ និងសីលធម៌វិជ្ជាជីវៈ ប្រកបដោយឧត្តមភាព គុណភាព និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍមូលធនមនុស្សសម្រាប់រដ្ឋបាលសាធារណៈ និងបម្រើប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព៕







