ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ ជួបប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាល តាមអង្គភាពច្រកចេញចូលតែមួយ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ និងប្រតិបត្តិករផ្ទាល់។ ​នៅក្នុងឱកាសនោះ ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍សង្កត់ធ្ងន់លើការដាក់ចេញនូវវិធានការកែលម្អឥរិយាបថ និងដោះស្រាយភាពយឺតយ៉ាវនៃការផ្តល់សេវានៅតាមអង្គភាពច្រកចេញចូលតែមួយ ដែលមិនទាន់ឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងមហាផ្ទៃមានគោលបំណងធ្វើសាមញ្ញកម្មនីតិវិធី ពោលគឺកាត់បន្ថយបែបបទឱ្យកាន់តែខ្លី និងងាយស្រួល ពិសេសលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពាក់ព័ន្ធផ្ទាល់ទៅនឹងសិទ្ធិ ទ្រព្យសម្បត្តិ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ រាល់បញ្ហាប្រឈមដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ នឹងត្រូវកត់ត្រាដើម្បីយកទៅពិភាក្សានៅថ្នាក់ជាតិ ក្នុងគោលបំណងសុំគោលការណ៍ណែនាំពី សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីកែលម្អការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
​ជាការឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានចុះមកពិនិត្យផ្ទាល់ ព្រមទាំងផ្តល់អនុសាសន៍ និងការណែនាំសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវា។ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូននៅរបាយការណ៍ជូនអង្គប្រជុំថា អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការតាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លើវិស័យចំនួន១៤ ដោយ
សម្រេចបានលទ្ធផលដោយបានផ្តល់សេវាជូនពលរដ្ឋគិតរហូតមកដល់ខែមិថុនា  ឆ្នាំ២០២៦ នេះបានចំនួន១៥៥៦៨៩សេវា ។ ទន្ទឹមនឹងលទ្ធផលសម្រេចបាន ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដូចជាភាពយឺតយ៉ាវក្នុងការចុះបញ្ជីដីធ្លីលើកដំបូងដែលមិនទាន់ស្របតាមប្រកាសអន្តរក្រសួង, បញ្ហាស្មុគស្មាញខ្លះៗក្នុងការចុះបញ្ជីនៅច្រកអនុគណៈកម្មការវិនិយោគខេត្ត, និងការធ្វើវិមជ្ឈការអំណាចប្រតិភូកម្មពីក្រសួងមួយចំនួនដែលមិនទាន់បានពេញលេញ ព្រមទាំងលក្ខខណ្ឌបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងការបន្តអាជ្ញាប័ណ្ណអាជីវកម្មខ្នាតតូច។​ដើម្បីដោះស្រាយបញ្ហាខាងលើ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវសំណូមពរចំនួន៣ចំណុចទៅកាន់ថ្នាក់ជាតិ រួមមាន៖
១. ស្នើសុំក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួយកំណត់តម្លៃលើសេវាការចុះបញ្ជីគម្រោងវិនិយោគដំបូងនៅថ្នាក់ខេត្ត។
២. ពិនិត្យលើសមត្ថកិច្ចរបស់មន្ទីរជំនាញ ដែលមានសិទ្ធិត្រឹមបង្កើតរោងចក្រ ប៉ុន្តែគ្មានសិទ្ធិអនុញ្ញាតឱ្យដំណើរការ។
៣.កាងារចេញអាផ្ញាប័នបន្ត បើសិនគ្មានប៉ាល់តង់ តើយើងអាចបន្តអោយបានឬទេ ដើម្បីបង្កើតភាពស្រួល
ដល់អាជីវកម្មខ្នាតតូច។
បន្ទាប់ពីបានពិភាក្សារួចមក ឯកឧត្តម សួស ប្រាថ្នា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃអង្គប្រជុំ ព្រមទាំងបានកោតសរ សើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្នុងការខិតខំ ប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកប ដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងបរិយាបន្ននាពេលកន្លងមកទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់

អត្ថបទ មន សូត្រ