ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគ និងរោងចក្រធំៗ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ហ្វាលដិន ឌី អេសអេច ឌីលុបមែន ឯ.ក (Phalden D SH Development Co., Ltd.) ដែលកំពុងដំណើរការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងគារ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនៃការចុះពិនិត្យនោះដែរ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ក៏បានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់នៅតាមរោងចក្រធំៗចំនួនពីរ ដែលកំពុងមានសកម្មភាពផលិតកម្មយ៉ាងសកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ រួមមាន៖
១. រោងចក្រ អរលន់ ហ្សីន អ៊ិនដាសស្ត្រី (ខេមបូឌា) ឯ.ក (ORLON ZINC INDUSTRY (CAMBODIA) CO., LTD.) ជារោងចក្រឈានមុខគេមួយក្នុងការផលិតសារធាតុគីមី (ស័ង្កសីអុកស៊ីត – Zinc Oxide) សម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ និងឧស្សាហកម្មពាក់ព័ន្ធ។
២. រោងចក្រ រ៉ូដបូស ថាយអឺ (ខេមបូឌា) ឯ.ក (ROADBOSS TIRE (CAMBODIA) CO., LTD.) ជារោងចក្រខ្នាតធំដែលផលិតសំបកកង់រថយន្ត សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងដំណើរ ចុះពិនិត្យនេះដែរឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុន ហ្វាលដិន ឌី អេសអេច ឌីលុបមែន ឯ.ក ក៏ដូចជាគ្រប់បណ្តាក្រុមហ៊ុន-រោងចក្រទាំងអស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ដែលបានខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍ និងដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនយ៉ាងរលូន។
គម្រោងវិនិយោគទាំងនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តព្រះសីហនុ។ ការពង្រីកខ្លួននៃវិស័យឧស្សាហកម្ម សារធាតុគីមី និងសំបកកង់រថយន្តនេះ គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការធ្វើសេដ្ឋកិច្ចជាតិ និងបង្កើនទំហំនាំចេញរបស់កម្ពុជា។ ឯកឧត្តមបានរំលឹក និងលើកទឹកចិត្តដល់គ្រប់រោងចក្រទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើលក្ខខណ្ឌការងារ សុវត្ថិភាពការងាររបស់កម្មករ-កម្មការិនី និងជាពិសេសត្រូវគោរពតាមបទដ្ឋានបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

រូបភាព៖ សុខជា
អត្ថបទ៖ ស្រីមុំ