ឧត្តមសេនីយ៍ឯក លឹម តុងហួត : គម្រោងគ្រួសាររឹងមាំ គឺពិតជាបានផ្ដល់នូវសុភមង្គលផ្លូវកាយផ្លូវចិត្តដល់គ្រួសារប្រជាពលរដ្ឋ។

ខេត្តព្រះសីហនុ : ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ចុះសហការជាមួយក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាដើម្បីពិនិត្យនិងបន្តអនុវត្តការងារគ្រួសាររឹងមាំ(Strong family)ដែលជាគម្រោងមួយបង្កើតដោយអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀនឧក្រិដ្ឋកម្ម (UNODC) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ ។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់ប្រជាសហគមន៍ដែលនឹងក្លាយជាគ្រួសារដែលមានបទពិសោធន៍ក្នុងការអប់រំកូនចៅកុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតាមរយៈការចូលរួមនៅគម្រោងគ្រួសាររឹងមាំនេះ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបញ្ជាក់ជូនថាគម្រោងគ្រួសាររឹងមាំនេះ គឺជាមាគ៌ាមួយដែលផ្ដោតសំខាន់ទៅលើវេទិកាគ្រួសារដែលចំណាយពេលចាប់ពី ៥នាទីឡើងទៅក្នុងមួយថ្ងៃតាមរយៈការទទួលព័ត៌មានពីកូនចៅឆ្លើយតបរាល់សំណើសំណូមពររបស់កូនចៅផ្ដល់ភាពកក់ក្តៅដល់កូនចៅហើយកូនចៅនឹងសហការផ្ដល់នូវព័ត៌មានផ្សេងៗដែលគាត់បានជួបប្រទះនៅសង្គមក្រៅពីគ្រួសារ ឪពុកម្ដាយអាណាព្យាបាលងាយទទួលបាននូវរាល់ការប្រព្រឹត្តរបស់កូនចៅនៅខាងក្រៅហើយយើងក៏ងាយនឹងអាចបង្ការដោះស្រាយបាននូវរាល់បញ្ហាពិសេសគឺបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា។