ជំនួបពិភាក្សាការងារ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី រវាងក្រសួងសុខាភិបាល និងមូលនិធិ GX Foundation

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រីកវិសាលភាពការងារ ទៅកាន់គោលដៅថ្មី ជាមួយ ឯកឧត្តម LEUNG Chun Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។

ក្នុងជំនួបនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផលដ៏ធំធេងដែលមូលនិធិសម្រេចបាន រួមមាន ៖
-កម្មវិធីភ្នែកឡើងបាយ នៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ដោយជោគជ័យ ដោយវះកាត់ជូនប្រជាពលរដ្ឋបានសរុប ៦,៦៧៣ ភ្នែក ប្រកបដោយសុវត្ថិភាពខ្ពស់ ។
-គម្រោងបង្ការជំងឺគ្រុនឈាម៖ បានផ្តល់ឧបករណ៍តេស្តរហ័ស (RDTs) ១៣,៨០០ឈុត, ចង្កៀងសម្លាប់មូស, មុងជ្រលក់ថ្នាំ និងសម្ភារអប់រំ គ្របដណ្តប់មូលដ្ឋានសុខាភិបាលទាំង ៦៤ កន្លែងក្នុងខេត្តកំពង់ស្ពឺ។ ព្រមទាំងបានដាក់ពង្រាយឧបករណ៍បង្ការនៅតាមហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការដ្ឋានព្រែកជីកហ្វូណនតេជោ, និងអាកាសយានដ្ឋានអន្តរជាតិតេជោ ។

តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation បានប្តេជ្ញារួមគ្នាពង្រីកវិសាលភាពគម្រោងមនុស្សធម៌នេះទៅកាន់ខេត្តគោលដៅថ្មី (ខេត្តកំពត ឬខេត្តកំពង់ធំ) ដោយផ្តោតលើការឆ្លើយតបនឹងជំងឺគ្រុនឈាម, ការបណ្តុះបណ្តាលបច្ចេកទេសបុគ្គលិកសុខាភិបាល, និងការផ្តល់នវានុវត្តន៍វេជ្ជសាស្ត្រថ្មីៗ ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជា។