ឯកឧត្តម ឈួរ សុបញ្ញា: ស្តាប់ប្រជាជន យល់ពីប្រជាជន និងដោះស្រាយជូនប្រជាជន គឺជាមូលដ្ឋាននៃការកសាងទំនុកចិត្ត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីមានសំណូមពរពីប្រជនជនតាមរយៈវេទិកាសាធារណៈឃុំដំណាក់រាំងកន្លងមក ដែលត្រូវបានរៀបចំឡើងប្រកបដោយភាពបើកចំហ និងស្មារតីទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលបន្តចុះពិនិត្យ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីឆ្លើយតបនឹងបញ្ហា និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានលើកឡើងថា អនុវត្តតាមស្មារតីដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺនោះ វេទិកាសាធារណៈមិនមែនគ្រាន់តែជាកន្លែងទទួលសំណូមពរ និងស្តាប់មតិរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការសំខាន់ក្នុងការបន្តតាមដាន ពិនិត្យ និងសម្របសម្រួលក្នុងការបន្តដោះស្រាយបញ្ហាជាក់ស្តែងជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន គឺជាឱកាសដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមគ្នារកដំណោះស្រាយសមស្រប ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវទិសស្លោកក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «ធ្វើអ្វីៗដើម្បីប្រជាជន និងជាមួយប្រជាជន» ដោយយកផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាគោលដៅសំខាន់។ បញ្ហារបស់ប្រជាពលរដ្ឋ គឺជាកិច្ចការរបស់ក្រុមការងារ ហើយការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គឺជាការពង្រឹងជំនឿទុកចិត្តរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមបានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តយកចិត្តទុកដាក់តាមដានសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដោយត្រូវធ្វើការសម្របសម្រួល និងដោះស្រាយឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការចុះដោះស្រាយសំណូមពរនាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារចុះមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ទទួលខុសត្រូវ និងជិតស្និទ្ធជាមួយប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។






