ឯកឧត្តម ជា វ៉ាន់ដេត បិទវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន”ឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ថ្ងៃ ពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ស្តីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃក្រសួងពាណិជ្ជកម្មនិងមានការចូលរួមពីលោកសាស្រ្តាចារ្យ រួមទាំងមន្ត្រីរាជការនៃក្រសួង ស្ថាប័ន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងប្រធានបទឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានសាស្រ្តាចារ្យអន្តរជាតិដ៏ល្បីឈ្មោះចំនួន ២រូប គឺ លោកសាស្រ្តាចារ្យ ហ្គីដូ ជីណាសូ (GUIDO GIANASSO) ដែលជាអ្នកជំនាញលើភាពជាអ្នកដឹកនាំ និង Cultural Intelligence និងលោកសាស្រ្តាចារ្យ ហ្សីរីស ស៊ី ស្រ៊ីវ៉ាស្តាវ៉ា (Shirish C. Srivastava) ជាអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
រំលេចថា វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” រៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ដោយបែងចែកជាពីរក្រុមគឺ ក្រុមទី១ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ និងក្រុមទី២ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងបិទក្នុងឳកាសនោះ ឯកឧត្តមជា វ៉ាន់ដេត និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល សូមថ្លែងអំណរគុណដល់សាស្រ្តាចារ្យអន្តរជាតិនិងលោកសាស្រ្តាចារ្យជាអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ ជាពីសេសសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញតាំងតែសហការគាំទ្រអោយមានវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្នុងនាមរដ្ឋាភិបាលឌីជីថល បាននិងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងបានផ្លាស់ប្តូរទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្ត ជាដើម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលគ្រប់កម្រិតទាំងថ្នាក់ដឹកនាំ អ្នកបច្ចេកទេស និងមន្រ្តីរាជការនៃក្រសួង ស្ថាប័ន។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថាបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងបង្កើនផលិតភាពក្នុងវិស័យសំខាន់ៗដូចជាការ អប់រំ សុខាភិបាល ការងារ ពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលមានប្រសាសន៏ជំរុញបន្ថែមដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់បានបទពិសោធន៏ យកទៅអនុវត្តន៏និងចែករំលែកបន្ត តាមជំនាញនៃក្រសួង ស្ថាប័ន ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព និងអន្តរប្រតិបត្តិការនៃការអភិវឌ្ឍសុសវែរ ព្រមទាំងឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្រ្តទី30 នៃគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ។