ក្រោយពីអ៊ុយក្រែនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនាំឱ្យខ្វះខាតថាមពលប្រើប្រាស់! យប់មិញនេះរុស្ស៊ីបានសងសឹកវិញដោយបាញ់មីស៊ីលបាលីស្ទីក-មីស៊ីលបញ្ជាអស់ជាច្រើនម៉ោង លើទីក្រុងគៀវ
រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ លើរដ្ឋធានីអ៊ុយក្រែនដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក Drone ពេញមួយយប់ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយវាជាការវាយប្រហារយ៉ាងខ្លាំងបណ្តាលឱ្យផ្ទុះឡើងខ្លាំងៗ និងធ្វើឱ្យទីក្រុងគៀវញ័រអស់រយៈពេលជាច្រើនម៉ោងដែរ។ អគារលំនៅដ្ឋានបានខូចខាតក្រោយការវាយប្រហារដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស នេះបើយោងតាមលោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាប្រចាំទីក្រុងគៀវ។ លោក Vitali Klitschko អភិបាលក្រុងបាននិយាយថា យ៉ាងហោចណាស់មនុស្ស១១នាក់បានរងរបួស។ ការវាយប្រហារដោយមីស៊ីលបាលីស្ទីក និងមីស៊ីលបញ្ជា និងយន្តហោះគ្មានមនុស្សបើកបានប៉ះពាល់ដល់សង្កាត់ទាំង១០ក្នុងទីក្រុង នៅសងខាងទន្លេ Dnipro (ឌីនីប្រូ)។ ប្រជាពលរដ្ឋជាច្រើននាក់បានជ្រកកោននៅឯស្ថានីយ៍រថភ្លើងក្រោមដី បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងអាជ្ញាធរពាក់ព័ន្ធបានចេញការព្រមានជាលើកដំបូងអំពីការវាយប្រហារនេះ។ ប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងគៀវក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទោះបីជាយុទ្ធនាការយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនប្រឆាំងនឹងទីតាំងយោធា និងកន្លែងផលិតថាមពលរបស់រុស្ស៊ីបានក្តី និងបានបណ្តាលឱ្យរុស្ស៊ីជួបបញ្ហាខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសរុស្ស៊ីក៏ដោយ។ លោក Klitschko បានជំរុញឱ្យប្រជាពលរដ្ឋអ៊ុយក្រែនស្នាក់នៅក្នុងជម្រកសុវត្ថិភាព ដោយលោកបានរៀបរាប់វាថាជាការវាយប្រហារដ៏ខ្លាំងក្លារបស់សត្រូវ ដែលកំពុងបន្តលើរដ្ឋធានីនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






