ឯកឧត្តម ឈួរ សុបញ្ញា នាំយកការសួរសុខទុក្ខ និងអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនអតីតមេឃុំអង្គពពេលដែលកំពុងមានជំងឺ
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃពុធ ២ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកការងារនិវត្តជន និងអតីតយុទ្ធជន នៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម ឈួរ សុបញ្ញា បាននាំយកផ្លែឈើ និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ទៅសួរសុខទុក្ខលោក ហ៊ីង សាមុត អតីតមេឃុំអង្គពពេល ស្រុកគងពិសី ដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះលោក ហ៊ីង សាមុត និងក្រុមគ្រួសារ។ ឯកឧត្តមក៏បានរំលឹកពីប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នូវការកោតសរសើរ និងការដឹងគុណចំពោះលោក ហ៊ីង សាមុត ដែលក្នុងនាមជាអតីតមេឃុំអង្គពពេល បានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបានរួមចំណែកយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន។ឯកឧត្តមបានបន្តលើកឡើងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះអតីតថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីនិវត្តជន និងអតីតយុទ្ធជន ដែលបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាបម្រើប្រជាពលរដ្ឋ និងរួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍមូលដ្ឋាននាពេលកន្លងមក។
ក្នុងឱកាសសួរសុខទុក្ខនេះផងដែរ ឯកឧត្តមបានលើកទឹកចិត្តដល់លោក ហ៊ីង សាមុត ឱ្យខិតខំថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងរក្សាស្មារតីឱ្យបានរឹងមាំ ដើម្បីឆាប់បានជាសះស្បើយ និងវិលត្រឡប់មកមានសុខភាពល្អប្រសើរវិញ។
លោក ហ៊ីង សាមុត និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលបានចាត់ក្រុមការងារមកសួរសុខទុក្ខដោយផ្ទាល់ បើទោះបីលោកឈប់ពីការងារហើយក៏ពិតមែន តែឯកឧត្តមឧបនាយករដ្ឋមន្រ្តីនៅតែនឹកនាលោកជានិច្ច។ ទង្វើនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ការគោរព និងការមិនបំភ្លេចចោលចំពោះអតីតថ្នាក់ដឹកនាំ និងមន្ត្រីដែលបានបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋកន្លងមក។
ជាទីបញ្ចប់ ឯកឧត្តម ឈួរ សុបញ្ញា បានជូនពរលោក ហ៊ីង សាមុត ឱ្យឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពរឹងមាំ និងបន្តរស់នៅជាមួយក្រុមគ្រួសារប្រកបដោយសេចក្តីសុខ សុភមង្គល និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។






