គ្រួសារងាយរងគ្រោះបំផុតចំនួន ៦គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពី ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ និងលោកជំទាវ
មណ្ឌលគិរី ៖ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងសហការី និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកែវសីមា បានចុះសួរសុខទុក្ខ ថែមទាំង នាំយកអំណោយមនុស្សធម៌ និងថវិការបស់ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោកជំទាវ ហ៊ី ផល្គុន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជូនស្រ្តីសម្រាលកូន ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា។
លោក អាន សុឃីម នាយកប្រតិបត្តិសាខា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោកជំទាវ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ជាក់ស្តែង ស្រ្តីសម្រាលកូន ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានជីវភាពខ្វះខាតចំនួន ៦គ្រួសារនាពេលនេះ ទទួលបានអំណោយមនុស្សធម៏ និងថវិកាមួយចំនួន ដើម្បីជួយដោះស្រាយ ក្នុងជីវភាពរស់នៅបានមួយកម្រិត។ លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗ ជាពិសេស ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថានជុំវិញលំនៅឋាន ឱ្យបានស្អាត ដើម្បីចៀសវាងជំងឺតម្កាត់ផ្សេងៗ ម្យ៉ាងទៀត ប្រសិនបើមានអាការៈក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
លោក បន្ថែមថា ឃីតមនុស្សធម៏ ដែលផ្តល់ជូនគ្រួសាររងគ្រោះចំនួន ៦គ្រួសារ រួមមាន ក្នុង ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ឃីតចំនួន១ ដោយឡែកស្ត្រី សម្រាលកូនចំនួន ៣គ្រួសារ ទទួលបានឃីតទារកចំនួន ១ឃីត និងថវិកាចំនួន ១០០,០០០រៀល ជាថវិកាផ្ទាល់ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោកជំទាវ ហ៊ី ផល្គុន ដើម្បីជួយដោះស្រាយជីវភាពបានមួយកម្រិត។
នាឱកាសនោះ លោក អាន សុឃីម និងក្រុមមន្ត្រីប្រតិបត្តិសាខា បាននាំយកទេយ្យទាន និងបច្ច័យ របស់ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃចំនួន២វត្ត មានវត្តសាមគ្គីមុនីសត្ថារាម( ហៅវត្តត្រពាំងផ្អេរ) និងវត្តខេមរាបុញ្ញារាម(ហៅវត្តថ្មី) ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនក្នុងមួយវត្ត រួមមាន៖ មី ៥កេស ត្រីខកំប៉ុង១កេសធំ អង្ករ ៥០គក្រ ទឹកបរិសុទ្ឋ ២កេស និងបច្ច័យចំនួន១,០០០,០០០រៀល ក្នុង១វត្ត ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុងដល់ព្រះសង្ឃ ហើយក៏ជាការសាងសន្សំអំពើល្អដើម្បីបានសេចក្តីសុខ សេចក្តីចម្រើន សម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ៕






