មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការចេះភាសាអង់គ្លេស ជាគន្លឹះពង្រីកចំណេះដឹង អភិវឌ្ឍសមត្ថភាព និងផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងថា ការចេះភាសាអង់គ្លេសមិនត្រឹមតែជួយឱ្យយើងអាចទំនាក់ទំនងបានល្អ និងការអភិវឌ្ឍខ្លួនជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យយើងអាចទទួលបានចំណេះដឹងថ្មីៗ ពង្រីកទស្សនៈ និងចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា និងសមិទ្ធផលរបស់ក្រសួងព័ត៌មានទៅកាន់សហគមន៍អន្តរជាតិ ប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ការថ្លែងនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភាសាអង់គ្លេស និងពង្រឹងជំនាញវិជ្ជាជីវៈ ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ការប្រើប្រាស់ ភាសាអង់គ្លេសមិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាតម្រូវការចាំបាច់សម្រាប់មន្ត្រីក្នុងវិស័យព័ត៌មាន។ ការមាន សមត្ថភាពអាន បកប្រែ សរសេរ និងទំនាក់ទំនងជាភាសាអង់គ្លេសបានល្អ នឹងជួយឱ្យមន្ត្រីអាចទទួលបានព័ត៌មានពីប្រភពអន្តរជាតិ ផ្ទៀងផ្ទាត់ព័ត៌មានបានកាន់តែលឿន និងចូលរួមផ្សព្វផ្សាយសមិទ្ធផល និង កិត្យានុភាពរបស់កម្ពុជាទៅកាន់ពិភពលោកបានកាន់តែទូលំទូលាយ។
ជាថ្មីម្តងទៀត ឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ជាក់ថា ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកំណត់ការកសាងធនធានមនុស្សជាអាទិភាពមួយ ដោយជំរុញការបណ្តុះបណ្តាលជាបន្ត បន្ទាប់ទាំងជំនាញវិជ្ជាជីវៈសារព័ត៌មាន ជំនាញបច្ចេកវិទ្យាឌីជីថល ជំនាញទំនាក់ទំនងសាធារណៈ និងជំនាញភាសាបរទេស ដើម្បីឱ្យមន្ត្រីរាជការអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃវិស័យព័ត៌មាន និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ជាមន្ត្រីរាជការក្រសួងព័ត៌មាន ខិតខំសិក្សា ចូលរៀនឱ្យបានទៀងទាត់ ហ៊ានសួរ ហ៊ានអនុវត្ត និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានជាប្រចាំ ព្រោះចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ នឹងក្លាយ ជាដើមទុនដ៏មានតម្លៃសម្រាប់ការងាររបស់ខ្លួននាពេលអនាគត។ ហើយសូមកុំចាត់ទុកវគ្គបណ្តុះបណ្តាលនេះ គ្រាន់តែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះ ប៉ុន្តែត្រូវចាត់ទុកថា ជាឱកាសដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួន។ ការសិក្សារៀនសូត្រមិនគួរបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលនេះទេ ប៉ុន្តែត្រូវបន្តជាប្រចាំ ព្រោះការរៀនពេញមួយជីវិត គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសមត្ថភាព និងការរីកចម្រើនក្នុងអាជីព។
អ្វីដែលសំខាន់ គឺការចេះភាសាអង់គ្លេស មិនត្រឹមតែជួយឱ្យមនុស្សម្នាក់អាចទំនាក់ទំនង និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងការសិក្សារៀនសូត្រពេញមួយជីវិតផងដែរ។
ការមានជំនាញភាសាអង់គ្លេស អាចបើកទ្វារឱ្យទទួលបានចំណេះដឹងថ្មីៗពីពិភពលោក ពង្រីកទស្សនៈ និងបង្កើនសមត្ថភាពក្នុងការបំពេញការងារ ជាពិសេសក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការធ្វើសមាហរណកម្មអន្តរជាតិ។
ជាមួយគ្នានេះដែរ ការចេះប្រើប្រាស់ភាសាអង់គ្លេសបានល្អ ក៏ជួយឱ្យមន្ត្រី និងអ្នកជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អាចចូលរួមផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់៕






