ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើក«សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​កម្ពុជា (គ.ល.ក.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមជាវាគ្មិនតំណាងមកពី ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងមានការចូលរួមជាសិក្ខាកាមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, និងប្រតិបត្តិករនិង/ឬកម្មសិទ្ធិករ​កាស៊ីណូ សរុបចំនួនប្រមាណ ៥០០រូប។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ជាអាទិ៍៖ (១) លើកកម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិ និងកាតព្វកិច្ចរបស់ប្រតិបត្តិករកាស៊ីណូ, (២) ជំរុញការពង្រឹងអនុលោមភាព និងគុណភាពប្រតិបត្តិការកាស៊ីណូ និង (៣) បង្កើនកិច្ចសហប្រតិបត្តិការពេញលេញ រវាងរាជរដ្ឋាភិបាល និងប្រតិបត្តិករកាស៊ីណូ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ភាគីពាក់ព័ន្ធ បន្តចូលរួមជំរុញការអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈ៖ (១) ការបង្កើនកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាងអាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល, (២) ការចុះពិនិត្យនិងវាយតម្លៃគុណភាពកាស៊ីណូទូទាំងប្រទេស ឱ្យបានលម្អិត ម៉ត់ចត់បំផុត និងតម្លាភាព ផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ​ច្បាស់លាស់ ជាមូលដ្ឋានរឹងមាំ សម្រាប់បន្ត ឬលុបអាជ្ញាបណ្ណកាស៊ីណូណាមួយ និងដោយមានការចូលរួមនិងកិច្ចសហការសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាទីតាំងនិងបរិវេណកាស៊ីណូ មិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, (៣) ការបន្តយកចិត្តទុកដាក់លើការរៀបចំលិខិតបទដ្ឋាន នីតិវិធីប្រតិបត្តិស្តង់ដា និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបម្រើឱ្យការផ្ដល់សេវានិងការគ្រប់គ្រងវិស័យ ព្រមទាំងការតភ្ជាប់រវាងប្រព័ន្ធរបស់ប្រតិបត្តិករ ជាមួយ​ប្រព័ន្ធរបស់ គ.ល.ក. និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងគ្រប់គ្រងរំហូរភ្ញៀវចេញ-ចូលទីតាំងនិងបរិវេណកាស៊ីណូនីមួយៗ, (៤) យកចិត្តទុកដាក់ស្ដាប់ និងទទួលយកនូវសំណូមពរ និងកង្វល់នានា របស់ប្រតិបត្តិករកាស៊ីណូ ដើម្បីដាក់ចេញជាវិធានការ និងផែនការសកម្មភាពជាក់លាក់ សម្រាប់ជំរុញការបំពេញលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានពេញលេញ និង (៥) ការបន្តចូលរួមពី​អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ក្នុងការទប់ស្កាត់សកម្មភាពអាជីវកម្មនិងការលេងល្បែងស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

ទន្ទឹមគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ប្រតិបត្តិករកាស៊ីណូ (១) ត្រូវអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានម៉ឺងម៉ាត់បំផុត (២) ចូលរួមសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីលុបបំបាត់ និងធានាមិនឱ្យកើតមានជាដាច់ខាត នូវសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងនិងបរិវេណកាស៊ីណូ, ក្នុងករណីរកឃើញថា កាស៊ីណូដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាស់, គ.ល.ក. នឹងដកហូតអាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ, និង (៣) ត្រូវផ្ដល់កិច្ចសហការពេញលេញដល់ គ.ល.ក. និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញចំណូលជូនរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សិក្ខាសាលាផ្សព្វផ្សាយនេះ ចែកចេញជា ២វគ្គ។ វគ្គទី១ សម្រាប់វេលាព្រឹកនេះ ផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ។