ឯកឧត្តមបណ្ឌិត ខាន់ ខុន ៖ ការបន្តចុះអនុវត្តគម្រោងនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ គឺដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍តាមរយៈទឹកស្អាត និងលំនៅឋានសមរម្យជូនប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រីស្ទ បរិស័ទក្នុងសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាតចំនួន ៣ និង ផ្ទះចំនួន ១ ខ្នង ជូនប្រជាពលរដ្ឋ ដែលជាស្ត្រីមេម៉ាយមានជីវភាពខ្វះខាត ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសហគមន៍ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

📍 អណ្ដូងស្នប់ទឹកស្អាតទាំង ៣ ស្ថិតនៅទីតាំងដូចខាងក្រោម៖

ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ភូមិដំណាក់ដំរី ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ភូមិត្រពាំងថ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

📍 ផ្ទះថ្មីសម្រាប់ស្ត្រីមេម៉ាយ ស្ថិតនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ផ្ទះនេះមានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ និងសំយាបមុខផ្ទះ ៣ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងដោយគិតគូរពីសុវត្ថិភាព និងភាពងាយស្រួលក្នុងការរស់នៅ។ ជាមួយគ្នានេះ ម្ចាស់ផ្ទះក៏ទទួលបានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន រួមមាន ពូក ខ្នើយកើយ ខ្នើយឱប ភួយ ទូដាក់សម្លៀកបំពាក់ ស្មាអាវ គ្រែ និងមុងគេង ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ខុន បាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពី ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មកជូនប្រជាពលរដ្ឋ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខអំពីជីវភាពរស់នៅប្រចាំថ្ងៃ ការប្រើប្រាស់ទឹកស្អាត និងស្ថានភាពរស់នៅក្នុងសហគមន៍។ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តថែរក្សាអនាម័យ បរិស្ថាន និងប្រើប្រាស់ទឹកស្អាតឱ្យបានត្រឹមត្រូវ ដើម្បីការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលអាចបង្កឡើងដោយការប្រើប្រាស់ទឹកមិនមានសុវត្ថិភាព។

ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ ប៉ិនប្រសប់ ប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា បានបន្តសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងជាច្រើន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ដោយឡែកការទទួលបានប្រភពទឹកស្អាត និងលំនៅឋានសមរម្យ គឺជាតម្រូវការមូលដ្ឋានដ៏សំខាន់សម្រាប់ការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ទឹកស្អាតជួយលើកកម្ពស់សុខភាពសាធារណៈ ខណៈដែលលំនៅឋានសមរម្យជួយផ្ដល់សុវត្ថិភាព ស្ថិរភាព និងក្ដីសង្ឃឹមដល់ក្រុមគ្រួសារ ជាពិសេសសម្រាប់ស្ត្រីមេម៉ាយ និងគ្រួសារងាយរងគ្រោះ។សកម្មភាពមនុស្សធម៌នេះ ក៏បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះអ្នកជួបការលំបាកក្នុងសង្គម ដែលជាវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជនកម្ពុជា ក្នុងការជួយគ្នាទៅវិញទៅមក និងរួមគ្នាកសាងសហគមន៍ឱ្យកាន់តែរឹងមាំ។

សមិទ្ធផលដ៏មានតម្លៃនេះ កើតមានឡើងដោយសារការរួមចំណែកគាំទ្រជាថវិកា និងការអធិដ្ឋានពីគ្រីស្ទបរិស័ទទាំងក្នុង និងក្រៅប្រទេស តាមរយៈ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និង អង្គការ Relevant Expeditions ដែលបានរួមគ្នាចែករំលែកសេចក្ដីស្រឡាញ់ មនុស្សធម៌ និងក្ដីសង្ឃឹម ដើម្បីចូលរួមអភិវឌ្ឍសហគមន៍ និងលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។

« ទឹកស្អាត និងលំនៅឋានសមរម្យ គឺជាមូលដ្ឋាននៃសុខភាពល្អ សេចក្ដីថ្លៃថ្នូរ និងអនាគតដ៏ប្រសើរសម្រាប់សហគមន៍ »។