ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ចុះកិច្ចព្រមព្រៀង ជាមួយអង្គការមិនមែនរដ្ឋាភិបាលចំនួន១៤ លើគម្រោងថវិកាសរុប ១៦,៤៥៣,២៣៨ដុល្លារអាម៉េរិក សម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ) បានរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយ សមាគមនិង អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៤ ដែលមាន ថវិកាសរុប ១៦,៤៥៣,២៣៨ដុល្លារអាម៉េរិក ដែលអនុវត្តគម្រោង និងចំណាយដោយផ្ទាល់ដោយសមាគម និង អង្គការមិនមែនរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាសក្ខីភាពនៅក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៤ ក្នុងគម្រោងជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនា ឱកាសនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការី នាទីស្តីការក្រសួង ស.អ.យ ។
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់អង្គការ ដែលមានកិច្ចសហការជាមួយក្រសួងក្នុងការអនុវត្ត សកម្មភាព ជួយដល់ក្រុមគោលដៅក្នុងវិស័យសង្គមកិច្ច នៅកម្ពុជា និងស្នើសុំដល់សមាគម និងអង្គការមិនមែន រដ្ឋាភិបាលបន្ត និងផ្តល់អត្ថប្រយោជន៍អោយចំក្រុមគោលដៅ។
ដោយឡែកគម្រោងទាំងនេះអនុវត្តនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តកំពង់ចាម ដល់ក្រុមគោលដៅជាជនរងគ្រោះ និងងាយរងគ្រោះ ដូចជាកុមារ ចាស់ជរា ជនក្រីក្រ និងជនមានពិការភាព។
ឯកឧត្តមបណ្ឌិត បានផ្តល់ជាមតិ និងអនុសាសន៍ដល់មន្រ្តីក្រសួង និងអង្គការ ដោយស្នើសុំឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជ្រើសរើសបុគ្គលិកជាជនមានពិការភាព ដើម្បីចូលរួមបម្រើការងារ ទៅតាមលទ្ធភាព និងជួយ ផ្សព្វផ្សាយដល់កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រមានបណ្ណសមធម៌ ក្រោយពេលធ្វើ សមាហរណកម្មទៅក្នុងសហគមន៍ អាចទាក់ទងទៅខាងឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូល ក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភជាដើម។
បន្ថែមពីនេះទៅទៀតឯកឧត្តមបណ្ឌិតបានស្នើសុំសមាគមនិងអង្គការជួយផ្សព្វផ្សាយបន្តជូនដល់ក្រុមគោលដៅដែលមានដូចជា អ្នកមើលថែកុមារ ស្ត្រីរងគ្រោះដោយអំពើហិង្សានិងជួញដូរ ជនមានពិការភាព មនុស្សវ័យចាស់ គ្រួសារក្រីក្រ ដែលជាជនរងគ្រោះ និងងាយរងគ្រោះ ឲ្យទៅចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីទទួលបានឱកាស និងអត្ថប្រយោជន៍ជា ច្រើនពីប្រព័ន្ធគាំពារសង្គមផ្លូវការនានា ដូចជាការបណ្ដុះបណ្ដាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងការគាំពារសង្គមផងដែរ ៕






