រដ្ឋមន្រ្តីសុខាភិបាល៖ «យើងធានាធ្វើយ៉ាងណាធ្វើឱ្យគ្រប់ប្រជាពលរដ្ឋកម្ពុជា មានឱកាសរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស  ភាពធន់ក្នុងដំណើរជីវិត មានសង្ឃឹម រួមទាំងមានសុខុមាលភាពផ្លូវចិត្ត ដើម្បីកសាងគ្រួសារ សង្គមជាតិឱ្យបានរីកចម្រើនរុងរឿងសម្រាប់អនាគត និងអ្នកជំនាន់ក្រោយ។»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត។

វគ្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះរៀបចំឡើងក្នុងគោលបំណង៖ ១) ស្វែងយល់ពីបន្ទុកនៃជំងឺផ្លូវចិត្ត ២) ពិនិត្យឡើងវិញលើ សេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមា សម្រាប់សុខភាពផ្លូវចិត្ត ៣)រៀបចំសេចក្តីព្រាងណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមា សម្រាប់សុខភាពផ្លូវចិត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម ឬជាសេវាជម្រើសនៃការថែទាំសុខភាពនោះទេ ប៉ុន្តែសេវាសុខភាពផ្លូវចិត្ត គឺជាសេវាស្នូលមួយនៃសេវាសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្ដល់សេវាសុខភាពដែលមានភាពរឹងមាំ និងភាពធន់។ មណ្ឌលសុខភាព គឺជាច្រកចូលដំបូងបំផុតរបស់ប្រជាជនក្នុងការទទួលបានសេវាសុខភាព។ សេវាសុខភាពផ្លូវចិត្តត្រូវតែផ្ដោតលើអ្នកជំងឺ ដោយត្រូវគោរពសិទ្ធិសម្រេចចិត្តរបស់អ្នកជំងឺ រក្សាការសម្ងាត់ ការពារឯកជនភាព និងផ្តល់សេវាដោយមិនរើសអើង។

បន្ថែមពី ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ការបម្រើសេវាត្រូវយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់សុខភាពផ្លូវចិត្តនៅតាមមណ្ឌលសុខភាព តាមរយៈការរៀបចំឱ្យមាននិយាមបណ្ដុះបណ្ដាល នៅតាមរាជធានីខេត្ត ការគាំទ្របច្ចេកទេស និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីសម្រួចដល់ការកែលម្អគុណភាព ពីព្រោះគុណភាពអាចកើតមាន លុះត្រាតែមានការជួយគាំទ្រ ការតាមដាន និងវាយតម្លៃ និងការហ្វឹកហាត់ជាប្រចាំផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១) ត្រូវខិតខំធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកលឱ្យបានមានប្រសិទ្ធភាព។
២) ត្រូវពង្រឹងការបម្រើសេវាដោយផ្តោតលើអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ។
៣) ត្រូវខិតខំនិយមបណ្តុះបណ្តាល សេចក្ដីណែនាំគ្លីនិកនៃសំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត ដើម្បីជាឧបករណ៍ និងគ្រូបង្គោលសម្រាប់អភិវឌ្ឍវិជ្ជាជីវៈបន្ត។
៤)  ណែនាំឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សហការជាមួយ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស  ដើម្បីរៀបចំនិយាមបណ្ដុះបណ្ដាលសុខភាពផ្លូវចិត្តថ្មីៗថែមទៀត និងសូមអំពាវដល់អង្គការសុខភាពពិភពលោក ពិចារណាគាំទ្រមធ្យោបាយទាំងឡាយ ដល់ការងារដ៏សំខាន់នេះ។
៥) ត្រូវបង្កើតវប្បធម៌នៃការកែលម្អ និងលើកកម្ពស់គុណភាពនៅគ្រប់កម្រិតនៃសេវាសុខភាពផ្លូវចិត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតធ្ងន់ថា សុខភាពផ្លូវចិត្តជាអាទិភាពរបស់ក្រសួងសុខាភិបាល ជាផ្នែកមួយក្នុងសុខភាពសាធារណៈ។ ដូច្នេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវ ៖ ១) បង្កើនសមត្ថភាព ដោយមានកិច្ចសហការ និងស្វាគមន៍ការចូលរួមរបស់ដៃគូ ២) ត្រូវនាំយកសេវាសុខភាពផ្លូវចិត្តឱ្យកៀរជិតដល់ប្រជាពលរដ្ឋ ៣) កសាងសមត្ថភាពរបស់មន្រ្តី បុគ្គលិករបស់យើងគ្រប់កម្រិត ដូច្នេះសូមឱ្យក្នុងរបត់នៃការប្រើប្រាស់សេវាទាំងចិត្តសាស្រ្ត និងឱសថត្រូវឱ្យបានល្អ។

សាររបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សុខភាពផ្លូវចិត្តសម្រាប់ទាំងអស់គ្នា និងរួមបញ្ចូលសេវានៅគ្រប់មូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាពទាំងចិត្តសាស្រ្ត និងឱសថ ស្របនឹងពាក្យ «មិនមានសុខភាពទេ បើសិនមិនមានសុខភាពផ្លូវចិត្ត (No Health without Mental Health)»។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល ប្រធានមណ្ឌលសុខភាពទាំង២៤រាជធានីខេត្ត និង តំណាងអង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ១៦១រូប និងប្រព័ន្ធនិមិត្ត (Zoom ៤៤៨រូប) សរុប ៦០៩រូប។