កូរ៉េខាងជើងអួតបង្ហាញពិភពលោកនូវនាវាពិឃាតថ្មីទំង់៥០០០តោន! មានសមត្ថភាពប្រឆាំងយន្តហោះ-ប្រឆាំងនាវាផ្ទុកមីស៊ីលផ្លោង-ផ្ទុកមីស៊ីលបញ្ជាទិសដោយនុយក្លេអ៊ែរបាន

កូរ៉េខាងជើងបានដាក់ឲ្យដំណើរការនាវាពិឃាតទម្ងន់ ៥០០០ តោន ដែលមេដឹកនាំ គីម ជុងអ៊ុន អះអាងថាជានិមិត្តរូបនៃសមត្ថភាពកងទ័ពជើងទឹក និងនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់ប្រទេសខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះ និងខណៈពេលដែលទីក្រុងព្យុងយ៉ាងកំពុងស្វែងរកការពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការបង្ហាញអំណាចយោធានៅលើផ្ទៃសមុទ្រដែរ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបាននិយាយថា លោក គីមបានថ្លែងបែបនេះក្នុងពិធីដាក់ឲ្យដំណើរការកាលពីថ្ងៃអង្គារម្សិលមិញនៅឯកំពង់ផែ Nampo ភាគខាងលិច ដែលមានដូចជានាវាចម្បាំង Choe Hyon (ចូ យ៉ុន) ជាអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹករបស់កូរ៉េខាងជើងកំពុងអភិវឌ្ឃន៍ទៅតាមការគ្រោងទុក។ KCNA បាននិយាយទៀតថានាវាចំបាំង Choe Hyon ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការជាមួយកងទ័ពជើងទឹកកូរ៉េខាងជើងបន្ទាប់ពីពិធីនេះហើយ ហើយវានឹងត្រូវបានប្រគល់ភារកិច្ចការពារឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសដែរ។ ចាប់តាំងពីការដាក់ឲ្យដំណើរការនាវានេះក្នុងខែមេសា ឆ្នាំ២០២៥មក លោក គីម បានពណ៌នាអំពីវាវា Choe Hyon ថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រីកវិសាលភាពប្រតិបត្តិការរបស់យោធាលោក និងមានសមត្ថភាពវាយប្រហារជាមុន។ នាវាចម្បាំងនេះត្រូវបានបំពាក់ដោយប្រព័ន្ធជាច្រើនប្រភេទ រួមទាំងអាវុធប្រឆាំងយន្តហោះ និងប្រឆាំងនាវាផ្សេងទៀត ក៏ដូចជាមីស៊ីលផ្លោង និងមីស៊ីលបញ្ជាទិសដែលមានសមត្ថភាពនុយក្លេអ៊ែរផងដែរ។ ប្រពន្ធ័ផ្សព្វផ្សាយបានបង្ហាញរូបថតរបស់លោក គីម ដែលកំពុងចូលរួមពិធីដាក់ឱ្យដំណើរការនៅ Nampo ដែលជាទីក្រុងកំពង់ផែមួយនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង។ លើសពីនេះក៏មានរូបភាព និងរបាយការណ៍សំខាន់ៗជាច្រើនទៀត សម្រាប់បង្អួតពិភពលោក។ មន្ត្រី និងអ្នកជំនាញកូរ៉េខាងត្បូងនិយាយថា នាវានេះទំនងជាត្រូវបានសាងសង់ដោយមានជំនួយពីប្រទេសរុស្ស៊ី ចំពេលដែលចំណងមិត្តភាពយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ប៉ុន្តែអ្នកវិភាគមួយចំនួនបានសួរថា តើវារួចរាល់សម្រាប់ធ្វើសកម្មឬអត់? កូរ៉េខាងជើងបានដាក់ចេញនាវា Choe Hyon ដោយឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មុនពេលដាក់ពង្រាយ រួមទាំងការបាញ់បង្ហោះអ្វីមួយ ដែលខ្លួនបញ្ជាក់ថាជាមីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរពីនាវាដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ