ជនជាតិគុយបារាប់ពាន់ចូលរួមគោរពវិញ្ញាណក្ខន្ធដល់មេបញ្ជាការបដិវត្តន៍ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេគឺលោក Ramiro Valdés

មន្ត្រីក្នុងមូលដ្ឋាន និងមន្ត្រីគុយបា បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ឥស្សរជនសំខាន់ម្នាក់ នៃបដិវត្តន៍របស់ប្រទេស គឺលោក Ramiro Valdés Menéndez ។ វត្តមានអតីតប្រធានាធិបតី Raúl Castro (រ៉ាអុល កាត្រូ) រួមជាមួយមេដឹកនាំបច្ចុប្បន្នលោក Miguel Díaz-Canel បានឱបសមាជិកគ្រួសារជាច្រើននាក់របស់លោក Valdés ខណៈដែលកោដ្ឋរបស់លោកត្រូវបានគេដាក់តាំងបង្ហាញ នៅក្នុងក្រសួងកងកម្លាំងប្រដាប់អាវុធគុយបា។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខជាផ្លូវការបន្ទាប់ពីមរណភាពរបស់លោក Valdés ហើយផេះដែលបានបូរជានឹងត្រូវដាក់នៅក្នុងផ្នូរ ជាមួយសំណល់ផេះនៃមេដឹកនាំទ័ពព្រៃ Ernesto “Che” Guevara នៅ Santa Clara។ ជនជាតិគុយបារាប់ពាន់នាក់បានដើរកាត់មុខកោដ្ឋនោះនៅក្នុងសាលច្រកចូលនៃក្រសួងដើម្បីគោរពវិញ្ញាណក្ខន្ធដល់លោក។ លោកវរសេនីយ៍ឯក Yorsana Victores អាយុ 47 ឆ្នាំបានប្រាប់អ្នកយកព័ត៌មានថា “វាជាពេលវេលាដ៏លំបាកមួយ សម្រាប់ប្រទេសគុយបា និងជាពេលដ៏លំបាកមួយក្នុងចំណោមពេលវេលាដ៏លំបាកជាច្រើនទៀតដែលប្រទេសយើងធ្លាប់ឆ្លងកាត់ជាមួយគ្នា។ “ដោយសារតែភាពជាអ្នកដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តន៍កំពុងបន្សល់ទុកគំរូជាច្រើន និងប្រវត្តិសាស្ត្រជាច្រើនដល់យើងដែរ ប៉ុន្តែវាក៏កំពុងបន្សល់ទុកនូវមនុស្សជំនាន់ក្រោយឱ្យត្រៀមខ្លួនទទួលយកវាដែរ”។ លោក Valdés គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតម្នាក់របស់លោក Fidel Castro និងប្អូនប្រុសរបស់គាត់ គឺលោក Raúl Castro ចាប់តាំងពីការវាយប្រហារនៅឆ្នាំ ១៩៥៣ មកលើបន្ទាយ Moncada ដែលជាការចាប់ផ្តើមនៃបដិវត្តន៍គុយបានោះ។ លោកនៅតែជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងទសវត្សរ៍បន្តបន្ទាប់។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយដោយគណបក្សកុម្មុយនិស្ត និងរដ្ឋាភិបាលគុយបាមិនបានផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុនៃករណីស្លាប់នោះទេ។ ដោយកាលពីលោក Valdés មានអាយុ ២១ឆ្នាំ គាត់ត្រូវបានជ្រើសរើសដោយបងប្អូនមេដឹកនាំត្រកូល Castro គឺលោក Fidel និង លោក Raúl ដើម្បីចូលរួមក្នុងការវាយប្រហារលើបន្ទាយ Moncada ដែលទោះបីជាមិនជោគជ័យក៏ដោយ ក៏វាបានក្លាយជាការចាប់ផ្តើមនៃដំណើរការបដិវត្តន៍ និងការដួលរលំរបស់មេដឹកនាំផ្តាច់ការ Fulgencio Batista (ហ្វូលហ្កិនស៊ីយ៉ូ បាទីស្តា) ផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ