ការថែទាំសុខភាពផ្លូវចិត្តរបស់បុគ្គលិកសុខាភិបាលក្នុងពេលបំពេញការងារគឺជាកត្តាគន្លឹះមិនអាចខ្វះបានក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺ បរិយាកាសការងារមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិយាកាសការងារមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន»នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នៅមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា« យើងត្រូវយល់ថា សុខភាពផ្លូវចិត្ត របស់ បុគ្គលិកសុខាភិបាល គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបានក្នុងការធានាដល់សុវត្ថិភាព អ្នកជំងឺ។ ការបំពេញការងារក្នុងវិស័យសុខាភិបាល គឺជាការងារដែលមានសម្ពាធខ្ពស់។ នៅពេលដែលបុគ្គលិកមានភាពតានតឹងក្នុងអារម្មណ៍ ឬមានបញ្ហាសុខភាពផ្លូវចិត្តដោយមិន បានដោះស្រាយ កត្តានេះអាចនឹងជះឥទ្ធិពលដល់ការផ្ចង់អារម្មណ៍ ការសម្រេចចិត្ត និងការ ផ្តល់សេវាថែទាំ និងព្យាបាល ដែលជាហានិភ័យអាចកើតមានចំពោះសុវត្ថិភាពរបស់អ្នកជំងឺ ផ្ទាល់»។
លោកជំទាវបានបន្តថា«ដូច្នេះ ការបង្កើតឱ្យមានបរិយាកាសការងារដែលជួយគាំទ្រផ្នែកស្មារតី ការចេះជួយគ្នា ក្នុងគ្រាលំបាក និងការលើកកម្ពស់វប្បធម៌មិនស្តីបន្ទោសគ្នា គឺជាមធ្យោ បាយដ៏ល្អបំផុត ដើម្បីធានាថា បុគ្គលិករបស់យើងមានភាពរឹងមាំទាំងកាយ និងចិត្ត។ នៅពេលដែលអ្នកផ្តល់ សេវាក្រោកឈរឡើងដោយក្តីស្រឡាញ់ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត នោះគុណភាពនៃ ការព្យាបាល និងសុវត្ថិភាពរបស់អ្នកជំងឺនឹងត្រូវបានធានាឡើងដល់កម្រិតខ្ពស់បំផុត។»
លោកជំទាវបន្តទៀតថាដើម្បីឱ្យគុណភាពនៃការ ថែទាំ និងព្យាបាលអ្នកជំងឺកាន់តែមានការរីកចម្រើន យើងចាំបាច់ត្រូវតែផ្តោតការយកចិត្ត ទុកដាក់ខ្ពស់លើបរិយាកាសការងារដែលមានសុវត្ថិភាព និងការកសាងស្មារតីបុគ្គលិកឱ្យ មានភាពរឹងមាំ។
ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានគាំទ្រនិងបានបញ្ជាក់ថាបរិយាកាសការងារដែលមានសុវត្ថិភាព និងគាំទ្រដល់សុខុមាលភាពរបស់បុគ្គលិក គឺជាមូល ដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ជាពិសេស គិលានុបដ្ឋាក និងឆ្មប ដែលជាកម្លាំងស្នូលនៅជួរមុខនៃការផ្តល់សេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ តែង តែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ទាំងផ្នែកការងារ ផ្នែកអារម្មណ៍ និងផ្នែកសង្គម។ ដូច្នេះ ការ យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ការកសាងស្មារតីការងាររឹងមាំ ការពង្រឹងទំនាក់ទំនងល្អក្នុង ក្រុមការងារ និងការបង្កើតបរិយាកាសការងារវិជ្ជមាន គឺជាកត្តាសំខាន់ដែលជួយឱ្យបុគ្គលិកអាច បំពេញភារកិច្ចបានប្រកបដោយប្រសិទ្ធភាព និងផ្តល់សេវាថែទាំដែលមានគុណភាពខ្ពស់ជូនអ្នក ជំងឺ។
លោកជំទាវ រដ្ឋលេខាធិការក៏បានបន្ថែមថាវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងថ្មីៗអំពីវប្បធម៌សុវត្ថិភាព ការ ថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង និងការថែទាំសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា វេទិកាសម្រាប់យើងទាំងអស់គ្នាផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារនៅ ក្នុងអង្គភាពផងដែរ។
លោកជំទាវ បានឱ្យដឹងទៀតថាក្រៅពីនេះការអនុវត្ត វប្បធម៌គ្មានការស្តីបន្ទោស  គឺជា មូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយ ដើម្បីធានាបាននូវ សុវត្ថិភាពអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព។ព្រោះថានៅក្នុងបរិយាកាសដែលគ្មាន ការស្តីបន្ទោស បុគ្គលិកមិនមានការភ័យខ្លាចក្នុងការរាយការណ៍អំពីកំហុស ឬ ឧប្បត្តិហេតុដែលមិនរំពឹងទុកឡើយ។ជាងនេះទៀតយើងត្រូវផ្តោតលើការកែលម្អប្រព័ន្ធជាជាងការដាក់ទោសបុគ្គលដែលវប្បធម៌នេះជឿជាក់ថា កំហុសភាគច្រើនកើតចេញពីប្រព័ន្ធការងារមិនល្អ ឬចំណុចខ្វះខាតក្នុងដំណើរការ ផ្តល់សេវា។ជំនួសឱ្យការស្វែងរកអ្នកខុសដើម្បីដាក់ទោស ការផ្តោតការកែសម្រួល ប្រព័ន្ធការងារ ដើម្បីកុំឱ្យកំហុសដដែលៗនោះកើតឡើងម្តងទៀត ដែលជាការ ការពារអ្នកជំងឺដោយផ្ទាល់។
លោកជំទាវបានបន្ថែមទៀតថាជាមួយគ្នានេះដែរការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង និងសុវត្ថិភាព អ្នកជំងឺ គឺជាធាតុផ្សំពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយដើម្បីធានា គុណភាពសេវាសុខាភិបាលដោយសារការចូលរួមរបស់អ្នកជំងឺក្នុងដំណើរការព្យាបាលផ្តោតលើអ្នកជំងឺជា ចម្បង លើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងដោយបើកចំហរ រវាងបុគ្គលិក សុខាភិបាល និងអ្នកជំងឺ ដែលនេះជាកត្តាជួយកាត់បន្ថយការយល់ច្រឡំ និងកំហុស ឆ្គងក្នុងការប្រើប្រាស់ថ្នាំ ឬការអនុវត្តនីតិវិធីវេជ្ជសាស្ត្រ។
លោកជំទាវបានបញ្ជាក់ទៀតថាបន្ថែមពីនេះការគោរពតម្លៃ និងតម្រូវការរបស់អ្នកជំងឺនៅពេលដែលការថែទាំត្រូវបានរៀបចំ ឡើងដោយផ្អែកលើតម្រូវការ និងចំណូលចិត្តរបស់អ្នកជំងឺជាចម្បង វានឹងជួយឱ្យ អ្នកជំងឺមានទំនុកចិត្ត ហើយការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលនឹងកាន់តែមានភាព ជាក់លាក់ ដែលជាការបង្កើនសុវត្ថិភាពអ្នកជំងឺដោយផ្ទាល់។