សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ» ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ បានលើកឡើងថា ចាប់តាំងពីសមាគមបានកកើតឡើងក្នុងឆ្នាំ ២០០០ គឺស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទើបឈានចូលសហស្សវត្សរ៍ថ្មី។ ការបង្កើតសមាគមនេះឡើង គឺស្ថិតក្នុងបរិបទដែលកម្ពុជាទើបតែទទួលបានសន្តិភាពពេញលេញ និងឯកភាពជាតិទាំងស្រុង ក្រោមនយោបាយឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ក្រោមមគ្គុទេសក៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ លោកជំទាវបានបន្តទៀតថា សមិទ្ធផលរយៈពេល២៥ឆ្នាំ អាចសម្រេចបានដោយសារតែ សមាគមបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវ និងបានដាក់ចេញនូវសសរស្តម្ភចំនួន ៤ រួមមាន ៖ ទី១ ពង្រឹងសមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្ត្រី ទី២ ផ្តោតលើការវិនិយោគលើយុវជន ទី៣ ផ្តោតលើមនុស្សចាស់សកម្ម និងទី៤ ផ្តោតលើការបែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍វាយតម្លៃខ្ពស់ និង កោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែង និងការគាំទ្ររបស់លោកជំទាវ ឯកឧត្តម ដែលបានរួម ចំណែកបម្រើឱ្យគោលនយោបាយប្រជាជន និងការអភិវឌ្ឍ ក៏ដូចជា ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ ក្រោមជាតិ ដែលបានរួម សហការ ជាមួយសមាគមរហូតសម្រេចបានលទ្ធផលជាទីមោទនៈ។

សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿយ៉ាងមុតមាំថា តាមរយៈពិធីផ្សព្វផ្សាយសៀវភៅស្តីពី សកម្មភាពការងាររយៈពេល ២៥ឆ្នាំ របស់សមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការ អភិវឌ្ឍ នឹងបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមខាងលើ ជំរុញអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសម្រេចនូវរបៀបវារៈអន្តរជាតិ ជាពិសេសកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងការអភិវឌ្ឍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ប្រធានសមាគម ក៏បានអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ និងទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិដែលពាក់ព័ន្ធ សូមបន្តចូលរួមជាមួយសភាកម្ពុជាជារួម និងនិយាយាដោយឡែកជាមួយសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្រ្ត និងការអភិវឌ្ឍ នៅក្នុងការបន្តរួមចំណែកធ្វើឱ្យសម្រេចទស្សនវិស័យរបស់យើង គឺការលើកកម្ពស់សមភាពយេនឌ័រ ផ្តល់ភាពអង់អាចដល់ស្ត្រី និងយុវជន កាត់បន្ថយភាពក្រីក្រ លើកស្ទួយកម្រិតជីវភាពរស់នៅ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕