ឯកឧត្តម ឈួរ សុបញ្ញា នាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនក្រុមគ្រួសារសពនិវត្តជន អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាទួលពង្រ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ៩ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារផ្នែកនិវត្តជន និងអតីតយុទ្ធជន នៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ នាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ជូនដល់ក្រុមគ្រួសារសព ឧបាសក គង់ អន និវត្តជន និងជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាទួលពង្រ នៃក្រុងឧដុង្គម៉ែជ័យ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងសាច់ញាតិ ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ឯកឧត្តម ឈួរ សុបញ្ញា បានពាំនាំនូវសាររំលែកទុក្ខ និងការសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនជូនចំពោះក្រុមគ្រួសារសព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីតែងតែយកចិត្តទុកដាក់ជាប្រចាំចំពោះនិវត្តជននិងអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារមិនត្រឹមតែជាការអនុវត្តគោលនយោបាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែតែងតែចូលរួមសុខទុក្ខជាប្រចាំ ដើម្បីជាការសម្តែងនូវការដឹងគុណចំពោះអ្នកដែលបានបំពេញភារកិច្ច និងបូជាកម្លាំងកាយចិត្តក្នុងការបម្រើជាតិមាតុភូមិក្នុងរយៈពេលកន្លងមក។
ឯកឧត្តបន្តទៀតថា ការទទួលមរណភាពរបស់ឧបាសក គង់ អន គឺជាការបាត់បង់សមាជិកគ្រួសារដ៏ជាទីគោរពស្រឡាញ់ និងជាការបាត់បង់អតីតមន្ត្រីអប់រំមួយរូប ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងបញ្ញា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាន់ សម្រាប់សង្គម និងប្រទេសជាតិ។ក្នុងនាមជាអតីតគ្រូបង្រៀន ឧបាសក គង់ អន បានរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មអប់រំ ការផ្ទេរចំណេះដឹង និងការកសាងមូលដ្ឋានធន
ធានមនុស្សនៅមូលដ្ឋាន។ គុណបំណាច់របស់លោកក្នុងវិស័យអប់រំ នឹងបន្តស្ថិតនៅក្នុងការចងចាំរបស់សិស្សានុសិស្ស អ្នករួមការងារ និងប្រជាពលរដ្ឋក្នុងសហគមន៍ជានិច្ច។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឈួរ សុបញ្ញា បានជម្រាបជូនក្រុមគ្រួសារសព អំពីគោលនយោបាយ និងរបបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់មន្ត្រីនិវត្តជនដែលទទួលមរណភាព ដោយគ្រួសារសពនឹងទទួលបានប្រាក់សោធនចុងក្រោយចំនួន ១២ខែ នៃប្រាក់សោធនប្រចាំខែរបស់សព ជាជំនួយចុងក្រោយសម្រាប់ក្រុមគ្រួសារ។ ជាមួយគ្នានេះ ភរិយារបស់សពក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣០,០០០រៀលក្នុងមួយខែ ដែលបើកជូនមួយឆ្នាំម្តង តាមរយៈ មូលនិធិជាតិជំនួយសង្គម ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។គោលនយោបាយទាំងនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះមន្ត្រីនិវត្តជន និងក្រុមគ្រួសារ ដែលបានរួមចំណែកបំពេញភារកិច្ចបម្រើប្រទេសជាតិកន្លងមក ហើយក៏ជាការធានាថា គ្មានអ្នកដែលបានលះបង់ដើម្បីជាតិ ត្រូវបានបំភ្លេចចោលឡើយ។
ជាទីបញ្ចប់ ឯកឧត្តមបានបួងសួងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឧបាសក គង់ អន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរក្រុមគ្រួសារសពឱ្យមានកម្លាំងចិត្ត មាំមួន អាចជម្នះនូវទុក្ខសោកនេះ និងបន្តដឹកនាំជីវិតដោយសុខសាន្ត។






