និស្សិតឥណ្ឌា១៤នាក់ស្លាប់ក្នុងគ្រោះអគ្គីភ័យឆាបឆេះអគារពាណិជ្ជកម្ម មានទាំងហាងលក់សត្វចិញ្ជឹម និងស្ទូឌីយោគំនូរជីវចល Animation នៃរដ្ឋ Uttar Pradesh

មន្ត្រីបាននិយាយថា អគ្គីភ័យដែលបានឆាបឆេះអគារពាណិជ្ជកម្មមួយនៅក្នុងទីក្រុង Lucknow ភាគខាងជើងប្រទេសឥណ្ឌាកាលពីម្សិលមិញនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ ដែលភាគច្រើនគឺជានិស្សិត។ អគ្គីភ័យបានឆាបឆេះនៅក្នុងសង្កាត់ Aliganj ក្នុងអគារមួយដែលមានហាងលក់សត្វចិញ្ចឹមផង និងគ្លីនិកសត្វផងនៅជាន់ក្រោម និងមានទាំងមជ្ឈមណ្ឌលសិក្សា និងស្ទូឌីយោគំនូរជីវចល Animation នៅខាងលើផង។ អភិបាលរងនៃរដ្ឋ Uttar Pradesh លោក Brajesh Pathak បាននិយាយថាសពមនុស្សចំនួន ១៤នាក់ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ មន្ត្រីបាននិយាយថា យ៉ាងហោចណាស់ក៏មានមនុស្ស១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលាដើម្បីព្យាបាល។ មូលហេតុនៃអគ្គីភ័យឆាបឆេះរហូតមកដល់ពេលនេះមិនទាន់ដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។ យោងតាមរូបភាពវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីមនុស្សឡើងលើបង្អួច និង ព្យាយាមបំបែកវាលោតចេញ។ វីដេអូមួយទៀតមើលទៅហាក់ដូចជាបង្ហាញពីបុរសម្នាក់ធ្លាក់ពីជាន់ខាងលើដូច្នេះដែរ ខណៈដែលរូបគេកំពុងព្យាយាមរត់គេចពីសភាពឆាបឆេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គាត់បានរួចជីវិត និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលបន្ទាន់។ មន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គីភ័យត្រូវបង្ខំចិត្តចូលទៅក្នុងអគារដោយទម្លុះជញ្ជាំងខាងក្រោយ បន្ទាប់ពីផ្សែងក្រាស់បានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅផ្នែកខាងមុខ។ ពួកគេបាននិយាយថា កង្ហារបឺតផ្សែងត្រូវបាននាំចូលដើម្បីសម្អាត ស្របពេលដែលក្រុមសង្គ្រោះបន្ទាន់បានស្វែងរកមនុស្សតាមបន្ទប់នានាដើម្បីរក្សាជីវិតពួកគេ។ លោក Mohammad Asin ជាបុគ្គលិកម្នាក់នៅក្នុងមជ្ឈមណ្ឌលស្ទូឌីយោគំនូរជីវចល បាននិយាយថា កម្មករទើបតែត្រឡប់មកពីទទួលទានអាហារថ្ងៃត្រង់វិញ គឺពេលវេលាដែលពួកគេត្រូវបានជូនដំណឹងអំពីអគ្គីភ័យឆាបឆេះដែរ។ លោកបាននិយាយថា “ដំបូងឡើយ យើងគិតថាវាជាអគ្គីភ័យតូចតាចមួយប៉ុណ្ណោះ។ នៅពេលដែលយើងព្យាយាមចាកចេញ ស្រាប់តែមានផ្សែងហុយពេញបន្ទប់ និងផ្លូវដើរយ៉ាងទ្រលោមតែម្តង។ អគ្គីភ័យឆាបឆេះដ៏សាហាវបានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅទីកន្លែងដែលច្បាប់សំណង់ និងបទដ្ឋានសុវត្ថិភាពត្រូវបានបំពានជាញឹកញាប់ដោយក្រុមហ៊ុនសំណង់ និងក្រុមអ្នកស្រុកដែលមិនគោរពតាម៕

សម្រួលអត្ថបទ៖ សុផារិន្ទ