កម្ពុជា-ឡាវ ចាប់ដៃគ្នា បើកការដឹកជញ្ជូនឆ្លងកាត់នាំចេញ ឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ ៖ កម្ពុជា-ឡាវ បានសម្រេចបើកសម្ពោធជាផ្លូវការ ក្នុងការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារ ប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។ ពិធីនេះ បានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសទាំងពីរ ព្រមទាំងមាន ការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ក្រុមហ៊ុនផងដែរ។
ឯកឧត្តមឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់កសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
ច្រកថ្មីនេះនឹងជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងពេលវេលាដឹកជញ្ជូនពី ១៥ ទៅ ២០ថ្ងៃ មកសល់ត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ការដឹកជញ្ជូនកសិផលស្រស់។
សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកពីសំ ណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន៕






