ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនក្នុងកម្មវិធីបាឋកថាស្តីពី”កំណែទម្រង់វិស័យអប់រំនៅកម្ពុជា” ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៨០០អង្គ/នាក់
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រី និងកម្មសិក្សាការី សរុបចំនួនប្រមាណ ៨០០អង្គ/នាក់ ទាំងចូលរួមដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធអនឡាញ (Microsoft Teams)។
តាមសន្ទរកថាស្វាគមន៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខា ធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសា
លា ភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែករំលែកចំណេះដឹងនិងបទពិសោធជូនដល់អង្គពិធី។ ការរួមចំណែករបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី គឺជាសកម្មភាពប្រកប ដោយគុណតម្លៃក្នុងការជួយពង្រឹងដល់ដំណើរការនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទ រដ្ឋបាល ដើម្បីអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។នៅក្នុងឱកាសនេះ ឯកឧត្តម បានចែករំលែកជូនអង្គពិធីនូវព័ត៌មានមួយចំនួនអំពីបទពិសោធការងារ ប្រវត្តិសិក្សានិងស្នាដៃនិពន្ធនិងបោះពុម្ពផ្សាយរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី។
តាមរយៈវេទិកាបាឋកថាស្តីពី«កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ឯកឧត្តម យក់ ប៊ុនណា សង្ឃឹមយ៉ាងម៉ុតមាំថា យើងទាំងអស់គ្នានឹងទទួលបាននូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តលើ ការដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការ ងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន។ ក្នុងន័យនេះ ឯកឧត្តម បានស្នើដល់សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់ សូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងរៀនសូត្រអំពីការចែករំលែកចំណេះដឹង និងបទពិសោធរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគត។
តាមរយៈបាឋកថានាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ទី១.ដើម្បីធ្វើកំណែ ទម្រង់ជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរ ហើយត្រូវចាំថា មិនគួរធ្វើអ្វីដដែលៗពីមួយឆ្នាំទៅមួយឆ្នាំទេ ចាំបាច់ត្រូវតែមានអ្វីថ្មីឆ្លើយតបនឹងបរិបទសង្គម ពិភពលោក និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាសកល។
ទី២.ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការចាប់ផ្ដើមរបត់កំណែទម្រង់ស៊ីជម្រៅក្នុងឆ្នាំ២០១៤ វិស័យអប់រំនៅកម្ពុជាបានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ជាមួយវឌ្ឍនភាពជាច្រើន ក្នុងនោះលេចធ្លោបំផុតគឺការរឹតបន្តឹងវិធានការប្រឡងទុតិយភូមិចាប់តាំងពីឆ្នាំ២០១៤ ដោយបានលុបបំបាត់វប្បធម៌ចម្លង និងជំរុញឱ្យមានការខិតខំប្រឹងប្រែងពិតប្រាកដពីសិស្ស «អ្នកចេះគឺជាប់» ដោយកំណែទម្រង់អប់រំត្រូវបានបែងចែកជា ៤ដំណាក់កាល ក្នុងនោះ៖
• ដំណាក់កាលទី១៖ កំណែទម្រង់ថ្នាក់ជាតិផ្ដោតលើ ៨ចំណុច (ឆ្នាំ២០១៣)។
• ដំណាក់កាលទី២៖ កំណែទម្រង់ផ្ដោតលើសសរស្ដម្ភ ៥ (ឆ្នាំ២០១៥-២០១៨)
• ដំណាក់កាលទី៣៖ កំណែទម្រង់កម្រិតសាលារៀន (ឆ្នាំ២០១៩-២០២២) និង• ដំណាក់កាលទី៤៖ ផ្ដោតលើការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ដោយដាក់អនុវត្តអភិក្រមស្ដីពីការគ្រប់គ្រងផ្ដោតលើលទ្ធផលឆ្ពោះទៅរកការដោះស្រាយបញ្ហាជាលក្ខណៈប្រព័ន្ធ និងតាមបែបអនុវិស័យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសា សន៍បញ្ជាក់ថា វឌ្ឍនភាពកំណែទម្រង់ក្នុងរយៈពេល ១០ឆ្នាំនេះ បានផ្លាស់ប្ដូរទាំងវប្បធម៌សាលារៀន និងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា ដោយផ្ដោតលើ «គុណភាព គណនេយ្យភាព និងនវានុវត្តន៍» ដើម្បីឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ចឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕






