ទឹកជំនន់នាភាគខាងត្បូងប្រទេសចិនពន្លិចបរិវេណមន្ទីរពេទ្យបង្ករការរំខានដល់អ្នកជំងឺ និងជន់លិចហាងទំនិញនានាបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ

ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានវាយប្រហារភាគខាងត្បូងប្រទេសចិន ដែលបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងទីតាំងមន្ទីរពេទ្យ និងហាងនានាផង នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃអាទិត្យនេះដែរ។ ចាប់តាំងពីថ្ងៃទី ១៩ ខែមិថុនាមក ស្រុក Yongfu ក្នុងទីក្រុង Guilin តំបន់ស្វយ័ត Guangxi Zhuang បានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកនៅក្នុងទន្លេជាច្រើនបានលើសពីកម្រិតព្រមានឯណោះ។ រូបភាពវីដេអូពី CCTV បានបង្ហាញថា មន្ទីរពេទ្យមួយដែលបានសាងសង់ស្ពានឆ្លងផ្លូវបណ្តោះអាសន្ន ដើម្បីធានាបាននូវសុវត្ថិភាពប្រើប្រាស់សម្រាប់បុគ្គលិកពេទ្យ ត្រូវលិចនិងបានប្រើប្រាស់ទូកដើម្បីផ្ទេរអ្នកជំងឺក្នុងស្ថាភាពដ៏ចាំបាច់។ យោងតាម CCTV បញ្ជាក់ថាមានអ្នកជំងឺជាង៥០០នាក់ត្រូវបានគេជម្លៀសចេញដោយសុវត្ថិភាព ហើយមិនមានមនុស្សស្លាប់ និងរបួសត្រូវបានគេរាយការណ៍នោះទេ។ អាជ្ញាធរមូលដ្ឋានបានធ្វើសកម្មឆ្លើយតបបន្ទាន់កម្រិតទី៤ សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងបានជម្លៀសប្រជាជនប្រហែលជា៦២០នាក់ចេញ។ ប្រទេសចិនបានប្រើប្រាស់ប្រព័ន្ធឆ្លើយតបបន្ទាន់៤កម្រិត ដោយសារកម្រិតទី១ ត្រូវបានចាត់ទុកថាជាកម្រិតធ្ងន់ធ្ងរបំផុត។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានធម្មជាតិបានបង្ហាញពីហានិភ័យខ្ពស់នៃគ្រោះមហន្តរាយភូមិសាស្ត្រនៅក្នុងតំបន់ជាច្រើន ហើយបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានតាមដានស្ថានភាពទឹកជំនន់ឲ្យជាប់លាប់បំផុត ដើម្បីបញ្ចៀសនូវការបាត់បង់ជីវិតមនុស្ស នេះបើយោងតាម CCTV បញ្ជាក់ជាសាធារណៈ៕

សម្រួលអត្ថបទ៖ សុផារិន្ទ