ក្រសួងបរិស្ថាន ៖ ការពង្រឹង និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ ជួយធានាសន្តិសុខស្បៀង សេដ្ឋកិច្ចសហគមន៍

ភ្នំពេញ ៖ សហគមន៍តំបន់ការពារធម្មជាតិ បានកើនឡើងចំនួន ១៩៤សហគមន៍ មានសមាជិកចំនួន ៧៣ ២៣៧គ្រួសារ និងបានចូលរួមគ្រប់គ្រងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២ ១៧៤ហិកតា។

យោងតាមនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ កន្លងមកនេះ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចរកចំណូលបានប្រមាណ៧០០ ០០០ដុល្លារ ពីការប្រមូលផលសំរ៉ង ប្រមូលផ្សិតប៉ប៉ក់ ចំនួន២៩០ ០០០ ដុល្លារ, ផ្សិតក្ងោកជាង៥៣ ០០០ដុល្លារ ទឹកឃ្មុំជាង ១១០ ០០០ដុល្លារ, ផ្លែគុយ ចំនួន២៤០ ០០០ដុល្លារ, ជ័រទឹកចំនួនជាង៤៤៦ ០០០ ដុល្លារ និងជ័រចុងបានចំនួន៧១ ០០០ដុល្លារ។

លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន៧ នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង បានកំពុងអភិរក្សឬស្សី ប្រកបដោយនិរន្តរភាព សហការជាមួយដៃគូ ផ្នែកឯកជន និងបានរកចំណូលបានប្រមាណ ១២ ៥០០ដុល្លារ។

លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន៥៣ មានសក្តានុពលគោលដៅលម្ហែបៃតង។ រយៈពេល៥ខែដើមឆ្នាំ២០២៦ សហគមន៍ចំនួន៣៨ ក្នុងចំណោមសហគមន៍ទាំងនោះ បានទាក់ទាញទេសចរជាតិចំនួន ៣៤២ ០២៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦ ០៦៥នាក់ មកទស្សនា និងសម្រាកលម្ហែ។ សហគមន៍អាចទទួលបានចំណូលផ្ទាល់ ពីការលក់សំបុត្រចូល ទស្សនាជាង ៣០ម៉ឺនដុល្លារអាមេរិក (ដោយមិនទាន់គិត ពីសេវាផ្សេងទៀតដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៏ និងការស្នាក់នៅ) និងបានចូលរួមបង្កើតការងារផ្ទាល់បានប្រមាណ ៤ ៤០០នាក់។

ជាក់ស្តែង សហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៥ ដែលមានសមាជិកជាង ១៥០០នាក់ បានចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ជាមួយគ្នានេះ សហគមន៍ចំនួន ១៥ផ្សេងទៀត បានចូលរួមចលនា បណ្តុះ «ពន្លកបៃតង» ជំរុញសកម្មភាពដាំដើមឈើ នៅតាមសហគមន៍មូលដ្ឋាន និងតាមទីសាធារណៈនានា បានជាង ២៣៥ ០០០ដើម នៅលើផ្ទៃដីចំនួន ៧ ៥៨៤ហិកតា។

សូមបញ្ជាក់ថា ការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង និងការចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងធនធានធម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជួយថែរក្សាប្រព័ន្ធអេកូឡូស៊ី និងបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ សម្រាប់សហគមន៍មូលដ្ឋាន។

ទន្ទឹននឹងនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២ «ភាពបៃតង» បានរួមបញ្ចូលយុទ្ធសាស្រ្តអាទិភាព ក្នុងការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីការពារធនធានធម្មជាតិ ការពង្រីកគម្របព្រៃឈើ និងការអភិវឌ្ឍជីវភាពសហគមន៍៕