អាជ្ញាធរចុះពិនិត្យ សិក្សាលទ្ធភាពជួសជុល ស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ

ខេត្តតាកែវ ៖ ដោយសារស្ថានភាពស្ពានបេតុង «កាប់នឹម» (ទំនប់ព្រៃមៀន) ស្ថិតក្នុងភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ រងការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្កហានិភ័យដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង សិស្សានុសិស្សនៅក្នុងមូលដ្ឋាន អាជ្ញាធរស្រុក បានចុះពិនិត្យ និងសិក្សាលទ្ធភាពក្នុងការជួសជុល ឡើងវិញ។

កាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ឯកឧត្តម កៅ វគ្គសែល អភិបាលស្រុកសំរោង រួមជាមួយក្រុមការងារ និង មន្ត្រីពាក់ព័ន្ធ ដើម្បីវាយតម្លៃពីកម្រិត នៃការខូចខាត និង សិក្សាលទ្ធភាពក្នុងការជួសជុល ឬ សាងសង់ស្ពានឡើងវិញឱ្យបានឆាប់រហ័ស។

តាមការពិនិត្យជាក់ស្តែង ស្ពានបេតុងខាងលើ បានរងការបាក់ស្រុតយ៉ាងខ្លាំងនៅត្រង់ចំណុចកណ្ដាលស្ពាន ដែលធ្វើឱ្យការធ្វើដំណើរឆ្លងកាត់មានការលំបាក និង ប្រឈមនឹងគ្រោះថ្នាក់។ ស្ថានភាពនេះ កំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់សិស្សានុសិស្សដែលធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃ ព្រមទាំងការដឹកជញ្ជូនកសិផល និង ទំនិញផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

ការចុះពិនិត្យនៅពេលនេះ ដើម្បីប្រមូលទិន្នន័យ និង វាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង សម្រាប់រៀបចំផែនការជួសជុលឱ្យមានប្រសិទ្ធភាព និង ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

អភិបាលស្រុក ក៏បានណែនាំដល់រដ្ឋបាលឃុំខ្វាវ ឱ្យរៀបចំឯកសារ និង របាយការណ៍លម្អិតពាក់ព័ន្ធនឹងការខូចខាតស្ពាន ដើម្បីដាក់ជូនមន្ទីរជំនាញ និង អាជ្ញាធរថ្នាក់ខេត្ត ស្នើសុំកិច្ចអន្តរាគមន៍ និង ការគាំទ្រថវិកា សម្រាប់ការជួសជុល ឬ សាងសង់ស្ពានឡើងវិញ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពស្ពានដែលកំពុងខូចខាតនេះ និង សង្ឃឹមថា អាជ្ញាធរ និង មន្ទីរជំនាញពាក់ព័ន្ធ នឹងចាត់វិធានការឆាប់រហ័ស ដើម្បីស្តារស្ពានឱ្យដំណើរការឡើងវិញ សម្រួលដល់ការធ្វើដំណើរ ការសិក្សារបស់សិស្សានុសិស្ស និង ការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។

អាជ្ញាធរស្រុកសំរោង បានអះអាងថា នឹងបន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីជំរុញការស្វែងរកថវិកា និង ដំណោះស្រាយឱ្យបានឆាប់បំផុត ដើម្បីធានាសុវត្ថិភាព និង ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឡើងវិញ៕