ក្រសួងព័ត៌មានណែនាំមន្ត្រីព័ត៌មានខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារតាមដានសភាពការណ៍ព្រំដែន និងសាធារណមតិ
ខេត្តព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រី នៃមន្ទីរព័ត៌មានព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងតាមដានឱ្យបានជាប់លាប់ចំពោះការវិវត្តនៃសភាពការណ៍នៅតាមតំបន់ព្រំដែន រួមទាំងការប្រមូលព័ត៌មាននិងក្តាប់ស្ថានការណ៍ដើម្បីវិភាគសាធារណមតិ សំដៅធានាបាននូវការផ្តល់បច្ចុប្បន្នភាព និងារវិវត្តន៍ពិតប្រាកដ និងទាន់ពេលវេលាដល់សាធារណជន។
ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងអំឡុងពេល នៃការប៉ះទង្គិចដោយសារការឈ្លានពានរបស់យោធាថៃ និងការវិវត្តនៃសភាពការណ៍ជាបន្តបន្ទាប់នេះ ក្នុងនាមជាមន្រ្តីព័ត៌មានដែលជាសេនាធិការឱ្យខេត្ត ត្រូវស្វែងយល់ និងតាមដានចំពោះការផ្សាយព័ត៌មានបែបបំពុល ប្រឌិតក្លែងបន្លំ និងព័ត៌មានក្លែងក្លាយដែលបង្កការភាន់ច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិ មកលើប្រទេសកម្ពុជាដោយត្រូវឆ្លើយតប និងបំភ្លឺជាមួយព័ត៌មានឱ្យបានឆាប់តាមការណ៍ ដែលអាចធ្វើទៅបាន។
ឯកឧត្តមសង្កត់ធ្ងន់ថា៖ « ក្នុងកាលៈទេសៈបច្ចុប្បន្ន សមរភូមិព័ត៌មាន និងសាធារណមតិ គឺជាការងារដ៏សំខាន់បំផុត គាំទ្រដល់សមរភូមិយោធា សមរភូមិច្បាប់ និងសមរភូមិការទូត។ មន្ត្រីព័ត៌មាន គឺជាកងទ័ពជួរមុខលើការងារសាធារណមតិ។ ដូច្នេះ ការបំពេញភារកិច្ចត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មាន និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។»
ទន្ទឹមនឹងនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ ឬការសម្ងាត់ផ្នែកយោធាឡើយ។
នៅក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ព្រមទាំងប្តេជ្ញាចិត្តដឹកនាំការងារឱ្យបានជាប្រចាំក្នុងភូមិសាស្ត្រខេត្ត ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិទាំងមូល៕





