ឯកឧត្តម ទេព អស្នារិទ្ធ ចុះជួបសំណេះសំណាល និងតម្រង់ទិសការងារជូនមន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្ត្រីជំនាញនៅថ្នាក់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិស័យព័ត៌មាន និងតម្រូវការជាក់ស្តែងរបស់សាធារណជនក្នុងបរិបទបច្ចុប្បន្ន។
ក្នុងពេលនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការណែនាំ និងផ្ដល់ទិសដៅសំខាន់ៗមួយចំនួនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ រួមមាន ត្រូវយកចិត្តទុកដាក់ផលិត និងផ្សព្វផ្សាយព័ត៌មានដែលមានភាពត្រឹមត្រូវ លឿនរហ័ស និងមានវិជ្ជាជីវៈខ្ពស់ ដើម្បីជាប្រភពព័ត៌មានដ៏គួរឱ្យជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ មន្ត្រីជំនាញត្រូវតាមដានជាប់ជាប្រចាំនូវរាល់ព័ត៌មាន និងបញ្ហាសង្គមនានាដែលកើតឡើងក្នុងខេត្ត ដើម្បីធ្វើការវិភាគ និងឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
ជំរុញការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាទំនើបឱ្យស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនលទ្ធភាពនៃការផ្សព្វផ្សាយស្នាដៃ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនសាធារណជនបានជ្រាប។
បន្តពង្រឹងកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានរឹងមាំ ដើម្បីធានាបាននូវការបំពេញភារកិច្ចជោគជ័យជូនជាតិ និងប្រជាជន។
ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលកន្លងមកបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន និងការងារសាធារណមតិនៅក្នុងមូលដ្ឋានខេត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ




