ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន២០២៦ ប្រារព្ធរយៈពេលបីថ្ងៃ ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគ
«ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២» ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមការចូលរួមពីលោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក ប្រធានសមាគមសម្ព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយុវជនកម្ពុជា ដែលជាអ្នកទទួលរៀបចំនិងសម្របសម្រួលកម្មវិធីនេះ បានប្រាប់ឱ្យដឹងថាព្រឹត្តិការណ៍ពិរព័ណ៍ដ៏ធំប្រចាំឆ្នាំ២០២៦ ពិរព័ណ៍ផលិតអាស៊ាន (កម្ពុជា)-ចិន ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនា ឆ្នាំ២០២៦ បង្ហាញខ្លួននៅកម្ពុជាជាលើកទី២ ដោយមានសមភាពក្រុមហ៊ុនចិនចំនួន១០០ស្ទង់មកពីវិស័យប្រមាណចំនួន១០ប្រភេទខុសៗគ្នា ដែលជាសហគ្រាសផ្គត់ផ្គង់បំរើដល់ចង្វាក់ផលិតកម្ម ហើយនេះជាឱកាសល្អសម្រាប់ សហគ្រិន ម្ចាស់អាជីវកម្មរបស់ខ្មែរយើងចង់ចូលរួមចាប់ដៃគូ ឬ ចង់បង្ហាញខ្លួនជាបណ្តាក្រុមហ៊ុនចិន ដោយព្រឹត្តិការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនខ្មែរចូលរួមតាំងបង្ហាញផលិតផលខ្មែរជាមួយគ្នា ក្នុងឱកាសនោះ ក្នុងន័យចំណងមិត្តភាព កម្ពុជា-ចិន។
លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងឱកាសនោះថា បច្ចុប្បន្ននេះ សាធារណរដ្ឋប្រជាមានិតចិនឈរលំដាប់ទីមួយ ជាអ្នកវិនិយោគធំជាងគេ និង ជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគ ផ្ទាល់ពីប្រទេសចិន (FDI) មកកម្ពុជាមានការកើនឡើងជាប្រចាំ ដោយគ្របដណ្តប់លើវិស័យ គន្លឹះៗជាច្រើន ដូចជា ឧស្សាហកម្មកាត់ដេរ កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ និងសេវាកម្មហិរញ្ញវត្ថុ។ សន្ទុះកំណើនដ៏រឹងមាំនេះ ត្រូវបានជំរុញបន្ថែម តាមរយៈយន្តការ នៃការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA), និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានបើកផ្លូវឱ្យផលិតផលកម្ពុជាទទួលបានអត្រាពន្ធ គយអនុគ្រោះលើមុខទំនិញជាច្រើនពាន់ប្រភេទ ក្នុងការនាំចូលទៅកាន់ទីផ្សារដ៏ធំសម្បើមរបស់ ចិន។
លោកជំទាវ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មរូបនេះក៏បានបង្ហាញឱ្យដឹងថា ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៥ កន្លងទៅនេះ សម្រេចបាន ១៩.៧៣ ពាន់ លានដុល្លារអាម៉េរិក (បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំជាង ១៥ ពាន់លានដុល្លារអាម៉េរិក ពោលគឺមានកំណើនគួរឱ្យកត់សម្គាល់ដល់ទៅ ២៩.៩%)។ ដោយឡែក គិតត្រឹមតែរយៈពេលប្រាំ ខែ ឆ្នាំ២០២៦ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៩.៣៨ ពាន់លានដុល្លារអាម៉េរិក រួច ជាស្រេច ដែលមានការកើនឡើងប្រមាណ ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ តួលេខទាំងនេះសបញ្ជាក់ថា កម្ពុជា-ចិន កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការខិតខំរួមគ្នា បង្កើនទំហំពាណិជ្ជកម្ម តាមរយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងពេញលេញនូវយន្តការ ដែលមានស្រាប់ ជាពិសេសក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចបានរៀបរាប់ខាងលើ។
លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Jinbo Zhejiang Exhibition Co., Ltd, ក្រុមហ៊ុន Power Live International Agency Co., Ltd និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើម និងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ដ៏មាន សារៈសំខាន់នេះឡើង ប្រកបដោយភាពទាក់ទាញ និងស្តង់ដាខ្ពស់៕





