លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បរិច្ចាគថវិកាចំនួន ១,១០៤.០០០រៀល ក្នុងការឧបត្ថម្ភទៅដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងជួបការលំបាក មានជំងឺប្រចាំកាយ និងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួន ក្នុងភូមិសាស្ត្រក្រុងច្បារមន
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េងស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋាន អំពីស្ថានភាពប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាតជួបការលំបាក និងមានជំងឺប្រចាំកាយ លោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនផងនោះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីមនុស្សធម៍ ខ្មែរស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានដោយការចូលរួមដោយស្ម័គ្រចិត្ត ពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ ដែលមានជំងឺទឹកនោមប្រៃ បណ្តាលឲ្យប៉ះពាល់ខូចតម្រង់នោម ប្តីឈ្មោះ ម៉ៅ ថាន អាយុ២៧ឆ្នាំ និងប្រពន្ធ ឈ្មោះ សាន ស្រីពៅ អាយុ២៥ឆ្នាំ និងលោក យាយ គីម ឃឿន អាយុ៧៦ឆ្នាំ មានជំងឺស្លាប់មួយចំហៀងខ្លួន បច្ចុប្បន្នរស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបាន សំណេះសំណាលជាមួយក្រុមគ្រួសារគាត់ដោយក្តីអាណិតអាសូរពន់ពេក និង ឧបត្ថម្ភជាថវិការចំនួន ៣០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន(អង្ក១បាវ ៥០Kg
,មី ១កេស,ទឹកសុទ្ធ ២កេស,ភេសជ្ជៈ ១កេស,ទឹកត្រី ១យួរ,ទឹកស៉ីអ៉ីវ ១យួរ,ត្រីខ ១យួរ និងរទេះរុញ១ទៀតផងដែរ សរុបចំនួន១,១០៤.០០០រៀល រៀល។
ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ តែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសម្រម និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម បានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕





