ផ្លូវ ទឹក ភ្លើង ជាមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសង្កាត់កោះរ៉ុងសន្លឹម អោយកាន់តែរីកចម្រើន
ក្រុងកោះរ៉ុង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការឈូសឆាយ និងបើកផ្លូវថ្មី។ នេះជាសកម្មភាពជាក់ស្តែងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមទិសស្លោក “មានផ្លូវ មានទឹក មានភ្លើង គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍”។
គម្រោងបើកផ្លូវថ្មីនេះ ចាប់ផ្តើមពីតំបន់ឆ្នេរ ២៣ ទៅកាន់អាហារដ្ឋាន ម៉េកមាំងឃី ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ផ្លូវថ្មីនេះមានប្រវែងសរុបប្រមាណ ៣,៥០០ម៉ែត្រ និងទទឹង ២០ម៉ែត្រ។ ស្របពេលជាមួយនឹងការសាង សង់ផ្លូវ ការងារដំឡើងប្រព័ន្ធអគ្គិសនីក៏កំពុងត្រូវបានអនុវត្តយ៉ាងសកម្មផងដែរ ក្រោមការយកចិត្តទុកដាក់ពីកម្មករជំនាញ ក្នុងការដំឡើងត្រង់ស្វូ និងតខ្សែភ្លើងនៅលើបង្គោលបេតុងដោយធានាបាននូវការផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់ជូនប្រជាពលរដ្ឋនៅតំបន់ថ្មីនេះ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សង្កាត់កោះរ៉ុងសន្លឹម។ ផ្លូវថ្មី ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត នឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងភ្ជាប់ការធ្វើដំណើររវាងតំបន់នានាឱ្យកាន់តែងាយស្រួល ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ជាងនេះទៅទៀត ការអភិវឌ្ឍនេះនឹងជំរុញសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍ និងរួមចំណែកធ្វើឱ្យមូលដ្ឋានកាន់តែមានការរីកចម្រើន ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ការអភិវឌ្ឍនាពេលអនាគត។
សម្រួលអត្ថបទ: ស្រីមុំ
ប្រភព:ចៅសង្កាត់កោះរ៉ុងសន្លឹម





