ឯកឧត្តម ឈួរ សុបញ្ញ អញ្ជើញចុះពិនិត្យការខូចខាត និងថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ វត្តចំបក់ ក្រោយរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់

ខេត្តកំពង់ស្ពឺ៖ ក្រោយពីទទួលបានព័ត៌មានអំពីការរងគ្រោះដោយខ្យល់កន្រ្តាក់ប៉ះពាល់វត្តចំបក់នោះ នៅរសៀលថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងទំហំនៃការខូចខាតនៅទីតាំងវត្តចំបក់ ស្ថិតក្នុងឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពជាក់ស្តែងកម្រិតនៃការខូចខាត និងតម្រូវការបន្ទាន់ និងថ្វាយបង្គំសួរសុខទុក្ខព្រះចៅអធិការ ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យកំពុងស្នាក់នៅក្នុងវត្តចំបក់។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការសម្តែងនូវក្តីសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេន និងជូនចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានជួបប្រទះនូវហេតុការណ៍ធម្មជាតិដ៏អាក្រក់នេះ។លោកទាំង២បានសម្តែងការព្រួយបារម្ភ និងសោកស្តាយយ៉ាងខ្លាំង ចំពោះការខូចខាតដែលបានកើតឡើងលើហេដ្ឋារចនាសម្ព័ន្ធវត្តអារាម ដែលជាទីសក្ការបូជា និងការខូចខាតដល់ដើមឈើធំៗដែលមានអាយុកាលរាប់សិបឆ្នាំ និងរាប់រយឆ្នាំ ដែលជាផ្នែកមួយនៃបរិស្ថានវប្បធម៌របស់វត្ត ព្រមទាំងការប៉ះពាល់ដល់សំណង់ចាស់ៗ និងសមិទ្ធផលបុរាណមួយចំនួន ដែលបានកសាង និងថែរក្សាដោយសទ្ធារបស់ពុទ្ធបរិស័ទជាច្រើនជំនាន់។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានជួបសំណេះសំណាលជាមួយព្រះចៅអធិការ គណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្តាប់ពីផលប៉ះពាល់ជាក់ស្តែង និងស្វែងរកដំណោះស្រាយរួមក្នុងការស្តារសមិទ្ធផលដែលរងការខូចខាតឱ្យបានឆាប់រហ័ស។ ការចុះពិនិត្យបានឃើញថា ខ្យល់កន្ត្រាក់បានបង្កការខូចខាតដល់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបរិវេណវត្ត ដែលជាទីកន្លែងសម្រាប់ព្រះសង្ឃគង់នៅ បដិបត្តិធម៌ និងដើមឈើមួយចំនួន ដែលមានដើមឈើខ្លះមានអាយុកាលវែង។ ទោះបីជាយ៉ាងណា គួរជាទីមោទនៈដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតព្រះសង្ឃ និងពុទ្ធបរិស័ទឡើយ។