លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦
កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំមិថុនា និងរបាយការណ៍ឆមាសទី១ លើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការកងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។ កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអនុញាតិឲ្យលោកមេបញ្ជាការរង ទទួលជំនាញសម្ភារបច្ចេកទេស លើកឡើងពីចំណុចល្អ ដែលកម្លាំងក្នុងមន្ទីរទាំងអស់សម្រេចបាន និងបានដាក់ទិសដៅបន្ត ដើម្បីពង្រឹងការងារក្នុងមន្ទីរឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ។
ថ្លែងនាពេលនោះដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានលើកឡើងនៅស្នាដៃដែលទាហាន នាយទាហានរងទាំងអស់ បានខិតខំប្រឹងប្រែង ព្យាយាមលះបង់កម្លាំងកាយចិត្តបំពេញនូវតួនាទីបានយ៉ាងល្អ ហើយក៏បានដាក់ទិសដៅបន្ត គឺសូមឱ្យនាយទាហានទាំងអស់បន្តខិតខំប្រឹងប្រែង និងតួនាទីភារកិច្ចបន្ថែមទៀត បន្តពង្រឹងការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៏សង្គ្រាះបន្ទាន់ hotline 1292 បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ពីសារៈសំខាន់អោយបានកាន់តែច្រើនបន្ថែមទៀត បន្តពង្រឹងការងារស្រាវជ្រាវបង្ក្រាបនិងអនុវត្តឲ្យបានត្រឹមត្រូវ ពង្រឹងការងារព័ត៌មានសន្តិសុខកម្លាំងជំនាញត្រូវក្តាប់ឱ្យបាននៅរាល់ព័ត៌មានឲ្យបាន ជូនលោកមេបញ្ជាការ នាយទាហានទាំងអស់ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ជាពិសេសបទបញ្ជាផ្ទៃក្នុងអង្គភាពឲ្យបានល្អ និងត្រូវមានសាមគ្គី ស្រឡាញ់គោរពអោយតម្លៃគ្នា បំពេញការងារជូនអង្គភាពហើយបានល្អ ដើម្បីអង្គភាពយើងទាំងអស់គ្នា។
មុននឹងបញ្ចប់លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានអរគុណដល់នាយទាហាន នាយទាហានរងទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់នៅក្តីសុខផ្ទាល់ខ្លួន និងភាពហត់នឿយបំពេញនៅតួនាទីភារកិច្ចបានយ៉ាងល្អ និងបានជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អជួបតែសុភមង្គលជោគជ័យ ក្នុងការងារគ្រប់ភារកិច្ច៕





