យន្តហោះ B-52 របស់អាម៉េរិកបម្រើការទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយក្នុងសង្រ្គាមវៀតណាម និង អ៊ីរ៉ង់ បានធ្លាក់ចុះឆាបឆេះខ្ទេចខ្ទីនៅរដ្ឋ California សម្លាប់មនុស្ស៨នាក់
យន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងបានធ្លាក់ចុះភ្លាមៗបន្ទាប់ពីវាបានហោះឡើងកាលពីព្រឹកថ្ងៃចន្ទ (ម៉ោងនៅអាម៉េរិក) នៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅលើវាលខ្សាច់ Mojave ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ហើយមនុស្សទាំង ៨ នាក់នៅលើយន្តហោះត្រូវស្លាប់ទាំងអស់ នេះបើយោងតាមមន្ត្រីយោធា។ លោក James Hayes អនុប្រធានមេបញ្ជាការនៅឯមូលដ្ឋានទ័ពអាកាស Edwards បានបញ្ជាក់ប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា “យើងបានបាត់បង់ជនជាតិអាមេរិកាំងដ៏អស្ចារ្យចំនួន៨នាក់ហើយ។ រូបភាពពីលើអាកាសបានបង្ហាញថាគ្មានអ្វីនៅសេសសល់នោះទេ ពីសំណល់សពយន្តហោះដែលបានធ្លាក់នៅវេលាម៉ោងប្រហែលជា ១១និង២០ព្រឹកថ្ងៃច័ន្ទ អំឡុងពេលដែលពួកគេបានបំពេញបេសកកម្មសាកល្បងជាធម្មតានៅមូលដ្ឋានទ័ព ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Los Angeles ។ ផ្សែងខ្មៅបានហុយចេញពីវាលខ្សាច់ឆាបឆេះដ៏ធំមួយ និងនៅជិតអ្វីដែលមើលទៅហាក់ដូចជាផ្លូវរត់នៅលើមូលដ្ឋានទ័ពដែរ ដោយមានរថយន្តសង្គ្រោះបន្ទាន់នៅក្បែរខាងនោះ។ វាមិនទាន់ច្បាស់ភ្លាមៗទេថា អ្វីទៅជាមូលហេតុពិតប្រាកដដែលបណ្តាលឲ្យវាធ្លាក់ចុះយ៉ាងដូច្នេះ។ លោក Hayes បាននិយាយថា “បន្ទាប់ពីពិនិត្យមើលតាមរូបភាពវីដេអូនៃគ្រោះថ្នាក់ធ្លាក់នេះ វាត្រូវបានគេចាត់ទុកថានេះគឺជាការធ្លាក់ចុះដែលមិនអាចសូម្បីតែចង់សង្រ្គោះខ្លួនឯងឡើងវិញ និងមិនអាចមានមនុស្សមានជីវិតរស់រានបានឡើយ។ មូលដ្ឋានទ័ពអាកាសអាម៉េរិកបានចាប់ផ្តើមបង្កើតក្រុមប្រឹក្សាសុវត្ថិភាពបណ្តោះអាសន្ន ដើម្បីធ្វើការប្រមូលយកនូវភស្តុតាងដំបូងៗ ដែលនឹងនាំឱ្យមានការស៊ើបអង្កេតផ្នែកសុវត្ថិភាពដែរ។ លោក Hayes បាននិយាយថា ដំណើរការទាំងមូលអាចចំណាយពេលរហូតដល់៦ខែឯណោះ។ យន្តហោះ Boeing B-52 Stratofortress គឺជាយន្តហោះប្រភេទទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដែលបានចូលបម្រើការងារឲ្យកងទ័ពអាកាសអាម៉េរិកក្នុងឆ្នាំ ១៩៩៥មក។ វាត្រូវបានរចនាឡើងដើម្បីផ្ទុកអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ហើយវាក៏ត្រូវបានគេយកប្រើប្រាស់ក្នុងជម្លោះដែលពាក់ព័ន្ធនឹងយោធាអាមេរិកពីប្រទេសវៀតណាមដល់អ៊ីរ៉ង់ដែរ។ មូលដ្ឋានទ័ពអាកាស Edwards គឺជាទីតាំងនៃកិច្ចខិតខំប្រឹងប្រែងនៃសមត្ថភាពសាកល្បង និងអភិវឌ្ឍន៍យន្តហោះភាគច្រើនរបស់កងទ័ពអាកាសអាមេរិក ហើយមានចម្ងាយប្រហែល ១៦១គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Los Angeles។ កងពលសាកល្បងទី៤១២ ដែលដំណើរការក្នុងមូលដ្ឋាននេះ បានចេញមកសាកល្បងអភិវឌ្ឍន៍យន្តហោះ ប្រព័ន្ធអាវុធ កម្មវិធី និងគ្រឿងបន្លាស់ទាំងអស់របស់ពួកគេ មុនពេលវាត្រូវបានដាក់បញ្ជាទិញ ក៏ដូចជាដេញថ្លៃនូវអាយុកាលរបស់វាដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ





