ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រវាងក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន BYD CAMBODIA CO., LTD.។
នាឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន បានអញ្ជើញប្រគល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដែលជាអំណោយរបស់ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃប្រទេសចិន ជូនឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ។ សៀវភៅ ដែលកំណត់យ៉ាងលម្អិតពីជំនាញ និងការវាយតម្លៃមុខរបរជាច្រើនដោយត្រូវបានបែងចែកជាប្រភេទ និងកម្រិតជំនាញផ្សេងៗគ្នានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមពង្រឹងស្តង់ដាជាតិសុវត្ថិភាពកម្ពុជា។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលមានឯកឧត្តម ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក XIAO Haiping នាយករដ្ឋបាលនៃការិយាល័យប្រធានក្រុមហ៊ុន BYD ជាហត្ថលេខីផងដែរ។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ ស្របតាមអាទិភាពនៃការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងយានយន្តថាមពលថ្មី (NEV) ព្រមទាំងលើកកម្ពស់ជំនាញ និងសមត្ថភាពកម្លាំងពលកម្ម តាមរយៈកម្មវិធីបណ្តុះបណ្តាលដែលផ្អែកលើតម្រូវការឧស្សាហកម្ម ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មនៅកម្ពុជា។
លើសពីនេះ MoU នេះ ក៏នឹងជំរុញការបញ្ចូលបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាឆ្លាតវៃ និងបច្ចេកវិទ្យាបៃតងទៅក្នុងប្រព័ន្ធផ្តល់សេវា TVET, សម្របសម្រួលការផ្ទេរបច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង និងការកសាងសមត្ថភាព, គាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម និងការត្រៀមធនធានមនុស្សមានជំនាញ ដែលត្រូវការចាំបាច់សម្រាប់ឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះត្រូវបានបង្កើតឡើងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការប្រើប្រាស់ NEV ខណៈ មានកំណើននៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា ដែលទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលក៏កាន់តែច្រើនផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកាតាលីករគន្លឹះមួយដែលជួយជំរុញកំណើនផលិតភាពកម្លាំងពលកម្ម គាំទ្រដល់ពិពិធកម្ម និងការលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជនផងដែរ ជាពិសេសក្នុងផ្នែក NEV។
វិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះផ្តោតសំខាន់ៗទៅលើ ការបង្កើត ឬ ការធ្វើទំនើបកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលឯកទេស មន្ទីរពិសោធន៍ និងសិក្ខាសាលា សម្រាប់ជំនាញ NEV និងជំនាញផលិតកម្មកម្រិតខ្ពស់, ការកសាងសមត្ថភាពគ្រូបណ្តុះបណ្តាល និងការរៀនសូត្រផ្អែកលើការងារ និងកម្មសិក្សាតាមរយៈការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលទ្វេភាគី ដែលរួមបញ្ចូលការសិក្សាក្នុងថ្នាក់រៀនជាមួយនឹងការបណ្តុះបណ្តាលជាក់ស្តែងនៅកន្លែងការងារ ក្នុងក្រុមហ៊ុន BYD និងសហគ្រាសដៃគូជាដើម។
បន្ថែមពីនេះ ក៏មានការអភិវឌ្ឍកម្មវិធីសិក្សា, ការគាំទ្រផ្នែកបច្ចេកវិទ្យា និងបរិក្ខារ, ការស្រាវជ្រាវ និងនវានុវត្តន៍ (គំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា លើតម្រូវការជំនាញ ការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម និងបច្ចេកវិទ្យាកំពុងលេចធ្លោក្នុងវិស័យ NEV និងសេដ្ឋកិច្ចបៃតង ព្រមទាំងការភ្ជាប់និស្សិតបញ្ចប់ការសិក្សាដែលបានទទួលការបណ្តុះបណ្តាល ទៅនឹងឱកាសការងារនៅក្រុមហ៊ុន BYD និងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ដែលពាក់ព័ន្ធ៕





