រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយបទបញ្ជា និងផែនការការពារសន្តិសុខ ៖
១. បទបញ្ជា ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
២. ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីរំលឹកខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជ សាសន៏ ប៉ុល ពត(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦ ដែលពិធីនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អនុពន្ធ័យោធាបរទេសប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។
៣. ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា ចំនួន០២គ្រឿងនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក និងការធ្វើលំហាត់ Operational Turnaround(ORT) and Passage Exercise(PASSEX) ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៦។
៤. និងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិន គណៈប្រតិភូបញ្ជាការដ្ឋានការពារអាកាស-ទ័ពអាកាស នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូស្ថាប័នចារកម្មចម្រុះប៉ាគីស្ថាន(Inter-Services Intelligence -ISI) ដែលនឹងត្រូវអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពាក់កណ្តាលខែមិថុនា ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥។





