សហភាពសហព័ន្ធយុវជនកម្ពុជា សហការរៀបចំវេទិកាស្តីពី «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្តជីវិត» ដើម្បីលើកកម្ពស់សីលធម៌សង្គម និងអភិវឌ្ឍមូលធនមនុស្ស 

នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្ដិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានសហការជាមួយពុទ្ធិកសមាគមកម្ពុជរដ្ឋ និងសាកលវិទ្យាល័យធនធានមនុស្ស រៀបចំវេទិកាមួយក្រោមប្រធានបទ «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត»។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋាន តំណាងឱ្យ ឯកឧត្ដម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្ដិសាស្ដ្រ នៃស.ស.យ.ក.។ 

វេទិកានេះក៏មានការនិមន្តចូលរួមពី ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ,វត្តមានចូលរួមពី លោក ឈុន ណុច សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យធនធានមនុស្ស ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា សាស្ត្រាចារ្យ និងនិស្សិតជាច្រើនអង្គ/នាក់។

ការរៀបចំវេទិកានេះឡើង គឺក្នុងគោលបំណងលើកកម្ពស់វិស័យវប្បធម៌ សាសនា និងសីលធម៌សង្គម តាមរយៈការផ្តល់ចំណេះដឹងផ្នែកផ្លូវចិត្ត និងស្មារតីដល់យុវជន ដោយយកខ្លឹមសារមេរៀនរបស់ព្រះពុទ្ធមកធ្វើជាយន្តការបន្ថែមលើការសិក្សារៀនសូត្រ និងការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងនោះ គោលបំណងធំៗចំនួន ៣ រួមមាន៖ ទី១. បង្កើនការយល់ដឹងអំពីទស្សទានពុទ្ធសាសនា ក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា។

​ទី២. លើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណពុទ្ធសាសនាខ្មែរ រួមមាន៖ សាសនបុគ្គល សាសនពិធី សាសនោវាទ និងការបដិបត្ដិ ដើម្បីជំរុញការចូលរួមអភិរក្សសម្រាប់មនុស្សជាតិគ្រប់ជំនាន់។

​ទី៣. ចែករំលែកនូវទ្រឹស្ដីបថពុទ្ធសាសនាផ្សារភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃសម្រាប់យុវជន ដើម្បីប្រើប្រាស់ជាមធ្យោបាយក្នុងការកសាងជីវិតប្រកបដោយសេចក្ដីថ្លៃថ្នូរក្នុងសង្គម។

​នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា គឺជាសាសនារបស់រដ្ឋ ដែលមានការរៀបចំរបៀបរបបគ្រប់គ្រងក្រោមព្រះរាជូបត្ថម្ភរបស់ព្រះមហាក្សត្រ និងស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដោយមានក្រសួងធម្មការនិងសាសនាជាសេនាធិការ។

ឯកឧត្តមបានបន្ថែមថា ព្រះពុទ្ធសាសនាបានជ្រួតជ្រាប និងក្លាយជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិខ្មែរទាំងមូលទៅហើយ ដែលគ្មានអ្នកណា ឬសាសនាណាអាចមកជំនួសបានឡើយ។ លើសពីនេះទៅទៀត ព្រះពុទ្ធសាសនាក៏បានដើរតួនាទីយ៉ាងសំខាន់ជាទីកន្លែងសម្រាប់ព្យាបាលនូវរោគផ្លូវចិត្ត និងដោះស្រាយបញ្ហាជីវិតរបស់មនុស្សក្នុងសង្គមខ្មែរ តាមរយៈពុទ្ធោវាទ និងការប្រព្រឹត្តទៅនៃសាសនពិធីផ្សេងៗផងដែរ៕