ឯកឧត្តម គន់ គីម អញ្ជើញចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែនសរុបចំនួន ១,៤៧៤គ្រួសារ

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែនចំនួនពីរដែលស្នាក់នៅផ្ទះបណ្តោះអាសន្ន រួមមាន ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សរុបចំនួន ១,៤៧៤គ្រួសារ។

នាឱកាសនេះ ឯកឧត្តម គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែខ្វល់ខ្វាយ ព្រមទាំងបានផ្តល់អំណោយនេះ គឺជាការសម្រាលការលំបាក ហើយថែមទាំងបន្តតាមដានជាប់ជាប្រចាំអំពីសុខទុក្ខប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន។

ចំពោះសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ឯកឧត្តម គន់ គីម មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានចាត់ជាការយកចិត្តទុកដាក់ជាអាទិភាព និងមិនទុកឲ្យប្រជាពលរដ្ឋភៀសសឹកណាម្នាក់នៅឯកោនោះទេ។

យ៉ាងណាមិញ ឯកឧត្តម គន់ គីម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។

ឯកឧត្តម គន់ គីម បញ្ជាក់ទៀតថា ក្នុងពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត។

ឯកឧត្តម គន់ គីម បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវរក្សាការត្រៀមលក្ខណៈជានិច្ច ក្នុងការទទួលនិងផ្តត់ផ្គង់ដល់ពលរដ្ឋដែលអាចនឹងបន្តជម្លៀសចេញពីតំបន់ព្រំដែនបន្ថែមទៀត ព្រមទាំងត្រូវតាមដានជាប់ជាប្រចាំពីការផ្គត់ផ្គង់ស្បៀង សម្ភារៈប្រើប្រាស់ ទឹកស្អាត ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការ សម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។

សូមជម្រាបថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺក្នុងមួយគ្រួសារទទួលបានសម្ភារៈប្រើប្រាស់, គ្រឿងឧបភោគបរិភោគ និងថវិកា៤០ម៉ឺនរៀល៕